ភ្នំពេញ ៖ បើទោះជាកម្ពុជា កំពុងតែជួបវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែសំណើសុំ វិនិយោគពីបរទេសនៅតែមានជាហូរហែរ ជាក់ស្តែងនៅសប្តាហ៍នេះ គណៈកម្មាធិការវិនិយោគនៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន១ និង រោង ចក្រ១បន្ថែមទៀត។
រោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ របស់ក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD. ត្រូវគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ តាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣,៩លាន និងអាចបង្កើត ការងារបានចំនួន ១.០១៨កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រ យានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសតាយសេង បាវិត ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង។
ការវិនិយោគរបស់វិនិយោគិនទាំង២នេះគិតជាទំហំទឹកប្រាក់សរុប៥,៦លានដុល្លារ និងអាចផ្តល់ឪកាស ការងារដល់ប្រជាពលរដ្ឋសរុបចំនួន១៣៦៨កន្លែង។
ថ្មីៗកន្លងមកនេះ ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនជាង៤ភាគរយនៅឆ្នាំ២០២១ និង កំណើនជាង៥ភាគរយនៅឆ្នាំ២០២២ ។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ បានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃ ឧស្សហកម្មធនស្រាលផ្សេង ទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់ជាដើម៕
អត្ថបទ៖ ដាវណ្ណ