អឺរ៉ុប៖ ធនាគារខ្នាតយក្ស UBS នឹងទិញធនាគារគូប្រជែង Credit Suisse ដែលកំពុងជួបបញ្ហាក្នុងតម្លៃជិត ៣.២៥ពាន់លានដុល្លារអាមេរិក ក្នុងកិច្ចព្រមព្រៀងមួយធ្វើឡើងដោយក្រុមនិយ័តករ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសភាពរំជើបរំជួលបន្ថែមនៅលើទីផ្សារក្នុងប្រព័ន្ធធនាគារសកល។
ក្រុមអាជ្ញាធរស្វីសបានជំរុញឲ្យធនគារ UBS ទិញគូប្រជែងរបស់ខ្លួន ក្រោយផែនការមួយសម្រាប់ធនាគារ Credit Suisse ក្នុងការខ្ចីប្រាក់ចំនួន ៥០ពាន់លានប្រង់ស្មើនឹង ៥៤ពាន់លានដុល្លារអាមេរិកបានបរាជ័យក្នុងការជួយសង្គ្រោះក្រុមវិនិយោគិន និងអតិថិជនធនាគារ។ ភាគហ៊ុនធនាគារ Credit Suisse និងធនាគារផ្សេងទៀតបានដាំក្បាលចុះនៅសប្ដាហ៍នេះ ក្រោយការដួលរលំធនាគារចំនួន២ នៅសហរដ្ឋអាមេរិក បានបង្កក្ដីបារម្ភចំពោះភាពរង្គោះរង្គើស្ថាប័នធំៗនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល។
ធនាគារ Credit Suisse ស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុជាង ៣០ ដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធសេវាធនាគារសកលដ៏សំខាន់ ហើយក្រុមអាជ្ញាធរមានការព្រួយបារម្ភអំពីការដួលរលំ ប្រសិនបើធនាគារនេះបរាជ័យ។ ខណៈប្រកាសកាលពីយប់ថ្ងៃអាទិត្យថា ការដួលរលំមិនអាចគ្រប់គ្រងបាននៃធនាគារ Credit Suisse នឹងបង្កឲ្យមានផលវិបាកមិនអាចគណនាបានសម្រាប់ប្រទេសនេះ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ប្រធានធនាគារស្វីសលោក Alain Berset បាននិយាយថា នេះគឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រសម្រាប់ស្ថិរភាពនៃហិរញ្ញវត្ថុអន្តរជាតិ៕
អត្ថបទ៖ សុខមាន