បាល់ទាត់៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកសកម្មភាពយុវជនក្នុងវិស័យកីឡាគឺជាការរួមចំណែកបន្ថែមក្នុងការគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ដោយឈរលើស្មារតី “កីឡារស់ក្នុងសន្ដិភាព” និង “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ធ្វើយ៉ាងណាជំរុញវិស័យឲ្យក្លាយជាចលនាជាតិដ៏រស់រវើកមួយ សម្រាប់យុវជន និងប្រជាជនកម្ពុជា។

ការលើកឡើងនេះក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័នលើកទី៨ ឆ្នាំ២០២៣ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុមក្រសួងសាធារណការ និងដឹកជញ្ជូនបានគ្រងតំណែងជើងឯកលើកដំបូង បន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាលដោយលទ្ធផល ៤-៣ គ្រាដែលចំណាត់ថ្នាក់លេខ៣ បានទៅក្រុមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោយយកឈ្នះក្រសួងបរិស្ថាន ២-០។ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ដែលរៀបចំពានរង្វាន់មិត្តភាពអន្ដរក្រសួង-ស្ថាប័នឆ្នាំនេះដោយរលូន និងជោគជ័យ ក្រោយខកខានរៀបចំ ២ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តមក៏បានថ្លែងអំណរគ្រប់ក្រសួង-ស្ថាប័នដែលបានបញ្ជូនក្រុមមកចូលរួម និងគាំទ្រព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីមិត្តភាព សាមគ្គីភាព និងពង្រីកកិច្ចសហប្រតិបត្តិការ និងបំផុសការលេងកីឡាក្នុងចំណោមមន្ដ្រីរាជការនេះ ដើម្បីជាគំរូ និងការរួមចំណែកមួយក្នុងវិស័យកីឡាជាតិ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដដែលបន្ថែមថា តាមរយៈការរៀបចំព្រឹត្តិការណ៍នេះក៏ភ្ជាប់ជាមួយការផ្សព្វផ្សាយ និងអបអរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ផងដែរ។ ជាក់ស្ដែងដើម្បីជំរុញកិត្យានុភាពជាតិក្នុងការត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ស.ស.យ.ក បានរៀបចំនូវកម្មវិធីជាច្រើន ពិសេសយុទ្ធនាការ Beyond The Games ជាមួយយុទ្ធនាការបត់បេះដូង ១លានបេះដូង ដើម្បីឆ្ពោះទៅបំបែកឯកតកម្មពិភពលោកផង និងអបអរ ក៏ដូចជាផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជាជាដើម៕ អត្ថបទ៖ លី ឈុនឡា
