បាល់ទាត់៖ ក្រុមជើងឯក FA Cup ៦ សម័យ Manchester City នឹងត្រូវជួបជាមួយជើងឯក ៣ សម័យ Sheffield United នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមជើងឯក ១២ សម័យ Manchester United នឹងត្រូវជួបជាមួយ Brighton Hove & Albion បន្ទាប់ពីការចាប់ឆ្នោតយប់ថ្ងៃអាទិត្យម្សិលមិញ។
City បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតាមរយៈជ័យជំនះធំធេងលើ Burnley ៦-០ កាលពីថ្ងៃសៅរ៍ ដោយខ្សែប្រយុទ្ធន័រវេស Erling Haaland ស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង។ ចំណែក Sheffield United ថ្ងៃអាទិត្យម្សិលមិញបានយកឈ្នះ Blackburn Rovers ៣-២ ដើម្បីឡើងវគ្គ ៤ ក្រុមចុងក្រោយលើកដំបូងតាំងពីឆ្នាំ២០១៤ ស្របពេលដែល Brighton យកឈ្នះដំណើរផ្សងព្រេងក្រុមមកពីលីគទី ៤ Grimsby តាមរយៈជ័យជំនះ ៥-០។
គូចុងក្រោយគេយប់មិញ បិសាចក្រហម Manchester United បានយកឈ្នះក្រុមដែលមានគ្នាតែ ៩ នាក់ Fulham ៣-១ បន្ទាប់ពី Fulham មានកីឡាករពីរនាក់ត្រូវបណ្តេញចេញរួមមាន Willian និង Mitrovic បើទោះជាពួកគេជាអ្នកនាំមុខមុននៅ Old Trafford ក៏ដោយ។ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី២២ ខែមេសាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ