ភ្នំពេញ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានឲ្យដឹងថា ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ដែលគ្របទៅដោយព្រៃស្រោងក្រាស់ មានពណ៌ បៃតងគ្រប់រដូវកាល ជាជួរព្រៃឈើធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារសំខាន់ ចំពោះការរក្សាតុល្យភាពអាកាសធាតុ របស់សកលលោកទាំងមូល និងជាប្រភពទាញនូវទឹក ភ្លៀង និងថាមពលអគ្គិសនី ដ៏សំខាន់សម្រាប់កម្ពុជា។
ក្នុងកម្មវិធីនៃដំណើរទស្សនាចរសត្វព្រៃ ធ្វើឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កញ្ញាបណ្ឌិត ស៊ូវណ្ណា បានថ្លែងថា ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពក ពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗរហូតដល់២២ ។
នាយិការអង្គការ WA បានបន្ថែមថា ជួរភ្នំក្រវាញនេះ មានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើន ជាមួយសមត្ថភាពផលិត ថាមពលអគ្គិសនីសរុបប្រមាណ ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស ។
ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅតំបន់ជួរភ្នំក្រវាញ ត្រូវបានការពារដោយការបោះបង្គោលព្រំ ការពង្រឹកកិច្ចការល្បាត លើកទឹកចិត្តការចូលរួម កិច្ចការពារពីប្រជាសហគមន៍នៅតំបន់ក្បែរនោះជាដើម ។
ឯកឧត្តមបានបន្តថា គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃល្បោះ ដែលអំណោយផល ដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្តល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ ។
កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយមានខេត្តចំនួន៣ គឺខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដើម្បីជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង ៥០ប្រភេទ ដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោកជាដើម និងប្រភេទឈើកម្រផ្សេងទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប ។
គួរបញ្ជាក់ថា ដំណើរទស្សនាចរសត្វព្រៃ បន្ទាប់ពីបានរៀបចំនៅតាមតំបន់ជួរភ្នំក្រវាញ មានដូចជា នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងនៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ដោយផ្សារភ្ជាប់យុទ្ធនាការការពារព្រៃឈើឱ្យមាននិរន្តរភាព ការបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃ (អន្ទាក់សូន្យ) និងការស្តារសត្វខ្លាធំឡើងវិញ ៕អត្ថបទ បាន សុខរិទ្ធិ



