ប៉ាគីស្ថាន៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនាថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់លើនគរបាល ដែលបានសម្រុកចូលលំនៅឋានរបស់លោកកាលពីថ្ងៃសៅរ៍។ លោក Khan បានប្រកាសពីផែនការរៀបចំការប្រមូលផ្តុំគ្នាជាសាធារណៈនៅថ្ងៃពុធ ទី២២ ខែមីនានៅទីក្រុង Lahore។

លោកបានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងសុន្ទរកថាផ្សាយផ្ទាល់នៅលើបណ្តាញ Youtube មួយថ្ងៃបន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានប៉ះទង្គិចជាមួយនគរបាលនៅលំនៅឋានក្នុងទីក្រុង Lahore ។ នគរបាលបានសម្រុកចូលទៅក្នុងលំនៅឋានរបស់លោក Khan ហើយបានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្របន្ទាប់ពីលោក Khan បានមកដល់ទីក្រុង Islamabad ដើម្បីបង្ហាញខ្លួននៅតុលាការក្នុងការដោះស្រាយការចោទប្រកាន់ ពីបទលក់អំណោយរដ្ឋដោយខុសច្បាប់ដែលផ្តល់ឱ្យលោកដោយឥស្សរជនបរទេស ក្នុងអំឡុងពេលលោកកំពុងកាន់តំណែង។ លោក Khan និយាយថា លោកបានអនុវត្តតាមនីតិវិធីច្បាប់ក្នុងការទទួលបានអំណោយទាំងនោះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រចាំខេត្ត Punjab លោក Amir Mir បាននិយាយថា នគរបាលបានទៅដល់ខាងក្រៅលំនៅឋានរបស់លោក Khan ដើម្បីប្រមូលភស្តុតាងអំពីការវាយប្រហារលើនគរបាល និងអ្នកដែលត្រូវស្វែងរកចាប់ខ្លួននៅក្នុងករណីផ្សេងៗ។ លោក Khan ដែលត្រូវបានបាញ់ពេលលោកកំពុងធ្វើយុទ្ធនាការកាលពីខែវិច្ឆិកា បាននិយាយនៅក្នុងបទសម្ភាសន៍ថា ការគំរាមកំហែងដល់អាយុជីវិតរបស់លោកគឺធំជាងពេលមុន ហើយបានអះអាងដោយពុំបានផ្តល់ភស្តុតាងថា គូប្រជែងនយោបាយរបស់លោក និងយោធាមានបំណងរារាំងលោកមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតនៅចុងឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប៉ាគីស្ថាននិយាយថា រដ្ឋាភិបាលពុំមានជាប់ពាក់ព័ន្ធចំពោះចំណាត់ការរបស់នគរបាលនោះទេ ហើយនិយាយថា នគរបាលបានអនុវត្តតាមសេចក្តីបង្គាប់របស់តុលាការ៕
អត្ថបទ៖ ប៊ុនថន