ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានត្រៀមរៀបចំកម្មវិធីសង្រ្កានវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣។
បើតាមលោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះថា មនី្ទរវប្បធម៌ បានត្រៀមរៀបចំកិច្ចពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក. ព.ស.២៥៦៦-គ.ស.២០២៣ សម្រាប់ដែនដីរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយករមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ធ្វើជាសង្រ្កាន ដែលហៅថា «សង្រ្កានវត្តភ្នំ»។ទន្ទឹមនឹងនោះថ្នាក់ដឹកនាំក៏បានរៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំកន្លងមកហើយ នៃរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាពិសេសដើម្បីតៀមរៀបចំ កម្មវិធីកម្សាន្តសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទឹកដីរាជធានីភ្នំពេញ ក៏ដូចជាជុំវិញរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តមួយចំនួន ដែលចូលចិត្តមករាជធានីភ្នំពេញ ខ្លះក៏មិនចង់ទៅឆ្ងាយ អញ្ជើញមកកម្សាន្តសប្បាយនៅរមណីដ្ឋានវប្បធម៌ប្រវតិ្តសាស្រ្តវត្តភ្នំ។
លោក ជុំ វុឌ្ឍី បានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ក៏មានរៀបចំការសម្តែងរបាំត្រុដិ និងលេងកម្សាន្តល្បែងប្រជាប្រិយនានា និងការប្រគុំតន្រី្ត និងថ្ងៃទី៣ កិច្ចពិធីបុណ្យស្រង់ព្រះ ដោយដង្ហែប្រទាក់សិន៣ជុំ ក្នុងបរិវេណវត្តភ្នំ។
ក្នុងនោះដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ រាល់បរិវេណនៅជុំវិញវត្តភ្នំ យើងបានធ្វើអនាម័យគ្រប់បែបយ៉ាង ដូចជារៀបចំការ៉ូឡាថ្មី កែលម្អឃឿន លាបថ្នាំថ្មី នៅតាមបណ្តោយបរិវេណសួនលោកយាយពេញផងដែរ៕អត្ថបទ រដ្ឋា








