មណ្ឌលគិរី៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរបស់ខ្លួន ដើម្បីបម្រើដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧។
ជារៀងរាល់ដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការចាត់ចែងស្របតាមច្បាប់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ តាមបណ្តាលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តនៅទូទាំងប្រទេស បានដំណើរការប្រឡងជ្រើសរើសមន្រ្តីលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រមគ្នា។
ជាក់ស្តែង ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានអញ្ជើញបើកវិញ្ញាសា និងពិនិត្យដំណើរការប្រឡងនៅខេត្តមណ្ឌលគិរី ដែលមានបេក្ខជនចូលរួមចំនួនជិត ៤០នាក់។
ឯកឧត្តម ហ៊ែល សារ៉ាត់ បញ្ជាក់ថា ក្នុងដំណាក់កាលប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនាពេលនេះ មានតួនាទី និងភារកិច្ចដ៏សំខាន់ ដើម្បីឲ្យដំណើរការឆ្ពោះទៅរកការបោះឆ្នោតស្របតាមច្បាប់ និងធានាថាមន្រ្តីទាំងអស់មានសមត្ថភាពពេញលេញ។
ជាមួយគ្នា បេក្ខជនដែលបានចូលរួមប្រឡង បានឲ្យដឹងថា ការសម្រេចចិត្តចូលរួមនៃការប្រឡងនេះ ដោយសារពួកគាត់មានបំណងរួមចំណែកធ្វើឲ្យដំណើរការបោះឆ្នោតនាពេលខាងមុខកាន់តែមានភាពល្អប្រសើរ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ គ.ជ.ប រៀបចំការជ្រើសរើសមន្រ្តីជិត១៥ម៉ឺននាក់ ដែលជាតម្រូវការចំពោះមុខ ដើម្បីធានាដល់ដំណើរទាំងមូលនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត ក៏ដូចជាការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសជាង ២ម៉ឺនការិយាល័យផងដែរ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីចំនួនជាង ៩លាន៧សែននាក់៕







