ភ្នំពេញ ៖ ក្នុងឱកាសខួបអនុស្សាវរីយ័លើកទី១៣៥នៃទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតដោយបង្ហាញអំពីការបន្តគិតគូរ ចំពោះកិច្ចការគាំពារសង្គម ជូនកម្មករ-និយោជិត ទោះក្នុងកាលៈទេសៈប្រឈមនឹងជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើក ទី១៣៥ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ដែលមានខ្លឹមសារថា តាងនាម រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយបងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នៅក្នុង ឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ សន្តិភាព សុខភាព និងការងារ។ សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ប្រធានបទនេះ ពិតជាមានអត្ថន័យ យ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត ជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែល ធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សមកហើយ ពីព្រោះមានតែការ រក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ និងស្ថិរភាពការងារក្នុងបរិបទជំងឺកូវីដ-១៩។ សារលិខិតដដែលបន្តថា រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខ សង្គម ដើម្បីពង្រីកវិសាលភាពកាន់តែទូលំទូលាយ ដោយគ្របដណ្តប់ ៤ផ្នែករួមមាន ផ្នែកប្រាក់ សោ ធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និង សមធម៌រវាងមន្រ្តីសាធារណៈ និងកម្មករនិយោជិត តាមរយះការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិ សុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធា រណៈ និងរបបសោធនសម្រាប់កម្មករនិយោជិតនៅក្នុងឆ្នាំ២០២០។
ជាមួយគ្នានោះ ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត រាជរដ្ឋាភិបាលបានអនុវត្ត គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការីនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្រ្តីសាធារណៈនៅ ពេលសម្រាលកូន ដោយក្នុងឆ្នាំ២០២០នេះ ប.ស.ស បានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនបាន ចំនួនប្រមាណ៨ម៉ឺននាក់ ដែលគិតជាទឹកប្រាក់សរុបចំនួន ៣៣ ប៊ីលានរៀល ហើយបើគិតចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ២០២០ ស្រ្តីសម្រាលកូនមានចំនួនប្រមាណ ២១ម៉ឺននាក់ ដោយចំណាយថវិកា សរុបចំនួន ៨៧,១ ប៊ីលានរៀល។
ក្នុងសារលិខិតដដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រទេសមួយ ចំនួនបាននឹងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ១៩ ហើយបានសម្រេចចិត្តចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋខ្លួនដែរ កម្ពុជាក៏បាននឹងកំពុងស្វះស្វែងរកវ៉ាក់សាំង ព្រមទាំងបញ្ជាទិញពីគ្រប់ប្រភពដែលរួមមាន ១លានដូស ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ៣២ម៉ឺនដូស តាមយន្តការខូវ៉ាក់ ១,៥ លាន ដូស បញ្ជាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤លានដូសបន្ថែមទៀត ទៅតាមតម្រូវការចាំបាច់ ជាក់ស្តែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខ ដូចជាមន្រ្តីជួរមុខ កម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា កម្ពុជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបប ប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបីឆ្នាំនេះ ប្រទេសជាតិ យើង និងពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឱ្យមាន ការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះផងដែរ៕អត្ថបទ ៖ ឧត្ដម



