ភ្នំពេញ៖ បណ្ដាសាលារៀនជាច្រើន ចាប់ផ្ដើមរៀបចំពិធីបុណ្យផ្កា ដោយភ្ជាប់ជាមួយពិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កើតឱកាសឱ្យសិស្សសិក្សាស្វែងយល់បានកាន់តែច្រើនពីវប្បធ៌មជាតិ។
មុននឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់ តាមសាលារៀនមួយចំនួន ក៏បានរៀបចំពិធីនានាដើម្បីផ្ដល់ភាពសប្បាយរីករាយជូនសិស្សានុសិស្សរបស់ខ្លួនផងដែរ។ ជាក់ស្ដែងសម្រាប់វិទ្យា ហ៊ុន សែនព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ គឺនឹងរៀបចំពិធីនេះឡើងនៅថ្ងៃទី ៣០ ខែមីនាខាងមុខ។ គិតត្រឹមពេលនេះ គឺសិស្សកំពុងមមាញឹកក្នុងការតុបតែលម្អ សម្រាប់រៀបចំពីធីបុណ្យផ្កា និងភ្ជាប់ជាមួយពិធីសង្រ្កាន្តឆ្នាំថ្មី សម្រាប់សាលាបានប្រើប្រាស់ ស្បូវយកមកតុបតែង និងមានការចងខ្សែរំលេចដោយក្រណាត់ពណ៌ និងជាពិសេសនោះគឺ ការហ្វឹកហាត់របាំ ក្បាច់រាំជាប្រពៃណីជាតិខ្មែរ ដែលតែងរាំកម្សាន្តក្នុងអំឡុងចូលឆ្នាំខ្មែរ។
លោក ស្រ៊ាង ម៉េងលី ជានាយកវិទ្យាល័យ ហ៊ុនសែន ព្រែកកំពឹស លើកឡើងថា ថ្ងៃទី ៣០ ខែមីនា គឺសាលារៀបចំបុណ្យផ្កានៅពេលព្រឹក រីឯពេលរសៀល សាលានឹងរៀបចំពិធីអបអរសាទរចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ពេលរសៀល គឺនឹងភ្ជាប់ជាមួយ ល្បែងប្រជាប្រិយ ចោលឈូង បោះអង្គុញ ក៏ដូចជាការសម្ដែងរបាំ និងការរាំទម្រង់សិល្បៈប្រណៃជាតិខ្មែរ។ ខណៈសិស្សក៏កំពុងហ្វឹកហាត់ រាំឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតផងដែរ។
សម្រាប់សិស្សដែលបានចូលរួម ក្នុងការហ្វឹកហាត់ក្នុងការរាំរបាំ ក៏ដូចជារាំទម្រង់សិល្បៈប្រពៃណីជាតិខ្មែរ បានបង្ហាញនូវភាពសប្បាយចិត្ត ដែលសាលាអនុញ្ញាតឱ្យរៀបចំពិធីនេះឡើង។ ពួកគេលើកឡើងថា កម្មវិធីនឹងផ្ដល់ភាពសប្បាយរីករាយសម្រាប់សិស្សគ្រប់រូប ជាពិសេសធ្វើឱ្យពួកគាត់ជាយុវជន ស្វែងយល់កាន់តែច្រើនពីសម្បត្តិវប្បធម៌របស់ជាតិ។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីណែនាំនាពេលថ្មីៗនេះ ដោយជំរុញលើកទឹកចិត្តឱ្យគ្រប់សាលាទាំងអស់ បង្កបរិយាកាសដល់សិស្សក្នុងលេងល្បែងប្រជាប្រិយ និងសកម្មភាពនានា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ យ៉ាងណាម៉ិញក្រសួងអប់រំ ហាមប្រាមដាច់ខាត ក្នុងការលេងប៉ាតម្សៅ ជះទឹក ដែលពុំមែនជាវប្បធម៌របស់ខ្មែរ៕អត្ថបទ៖ គឹមហុក