ជប៉ុន៖ លោក Luo Qingping អ្នកជំនាញនុយក្លេអ៊ែរ នៃវិទ្យាស្ថានយុទ្ធសាស្ត្រឧស្សាហកម្មនុយក្លេអ៊ែរប្រទេសចិនបាននិយាយថា ការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន ទោះបីជាមានការប្រឆាំងខ្លាំង និងទូលំទូលាយក៏ដោយ បានរុញឲ្យមានផលប៉ះពាល់ខ្លាំងដល់ពិភពលោកតាមរយៈចរន្តទឹកសមុទ្រ ខ្សែចង្វាក់ស្បៀងអាហារ និងពាណិជ្ជកម្មផលិតផលសមុទ្រ។
ប្រទេសជប៉ុនបានចាប់ផ្តើមប្រតិបត្តិការឧបករណ៍មួយចំនួន ដែលចាំបាច់សម្រាប់ការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ខ្លួនចូលទៅក្នុងទឹកសមុទ្រ ទោះបីជាមានការតវ៉ាដ៏ធំ និងការរិះគន់ខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រទេសជប៉ុន Asahi Shimbun បានរាយការណ៍ថា ឧបករណ៍ដែលពាក់ព័ន្ធបានឆ្លងកាត់ការត្រួតពិនិត្យ ដោយអាជ្ញាធរនិយ័តកម្មនុយក្លេអ៊ែរប្រទេសជប៉ុនកាលពីថ្ងៃពុធ ហើយបានចាប់ផ្តើមប្រតិបត្តិការលើកដំបូងរបស់ខ្លួនកាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណា ប្រទេសជប៉ុនពុំទាន់បានធ្វើការបញ្ជាក់ពីការធ្វើតេស្តច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនៅឡើយនោះទេ។ ដូច្នេះប្រសិនបើទឹកកខ្វក់ត្រូវបានបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សារធាតុធាតុវិទ្យុសកម្មបែបនេះនឹងពូនផ្តុំទៅលើសត្វសមុទ្រ ដែលរស់នៅក្នុងមហាសមុទ្រក្បែរប្រទេសជប៉ុន ហើយវានឹងធ្វើឱ្យពិភពលោករងផលប៉ះពាល់ធំធេងតាមរយៈចរន្តទឹកសមុទ្រ ខ្សែចង្វាក់ស្បៀងអាហារ និងពាណិជ្ជកម្មផលិតផលសមុទ្រ។
រឿងដំបូងដែលប្រទេសជប៉ុនត្រូវធ្វើគឺត្រូវស្វែងរកយ៉ាងសកម្ម នូវវិធីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានលើបរិស្ថានខាងក្រៅ។ ចាំបាច់ត្រូវមានការស្រាវជ្រាវ និងបង្ហាញហេតុផលឱ្យបានហ្មត់ចត់ សម្រាប់ការបង្កើតគម្រោងការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរសុវត្ថិភាព និងអាចជឿទុកចិត្តបាន។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ការរញ្ជួយដីកម្រិត ៩.០រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រខេត្ត Fukushima ប្រទេសជប៉ុន។ រលកយក្សស៊ូណាមិដែលបង្កឡើងដោយរញ្ជួយដី បានបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បណ្តាលឱ្យមានការរលាយស្នូលនៅក្នុងផ្នែកមួយទៅបី និងនាំទៅរកវិបត្តិនុយក្លេអ៊ែរដ៏អាក្រក់បំផុតចាប់តាំងពីមហន្តរាយនៅរោងចក្រ Chernobyl៕
អត្ថបទ៖ ប៊ុនថន