ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា នាពេលបច្ចុប្បន្ននេះ ឪពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្ស បានយកចិត្តទុកដាក់បញ្ជូនកូនចៅចូលសិក្សារៀនសូត្រ ដែលរូបភាពទាំងនេះ ពិតជាបង្កើតបាននូវវប្បធម៌ដ៏ល្អមួយសម្រាប់ជាតិ ដែលកម្ពុជានឹងសំបូរធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ពិភពលោក។
ការលើកឡើងខាងនេះរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យគណៈគ្រប់គ្រងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានធ្វើការវិនិយោគលើប្រព័ន្ធអប់រំមួយនេះឱ្យមានការរីកចម្រើន ហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យអាទិភាពដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ចំណែកវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យបានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាផងដែរ។ ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនដល់យុវជនចំនួន ១,៥លាននាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារ ធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈនេះ ឱ្យមានគុណភាព ដើម្បីបង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និងនៅតាមបណ្តារោងចក្រ សហគ្រាសផ្សេងៗដែលមានតម្រូវការ។ មិនតែប៉ុណ្ណោះ ឯកឧត្តម បានបញ្ជាក់ជូន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថា ក្រសួងការងារ នឹងបន្តកិច្ចសហការកាន់តែល្អជិតស្និទ្ធបន្តទៀតជាមួយគ្នា ដើម្បីសម្រួលដល់ការលំបាក ដោះស្រាយនូវរាល់សំណូមពរនានាឱ្យបានកាន់តែប្រសើរ។
ឯកឧត្តម ហេង វ៉ាន់ដា បានឲ្យដឹងថា បច្ចុប្បន្នសមាគម មានសមាជិកចំនួន ១២០គ្រឹះស្ថាន-សាលា ដោយបង្កើតឡើងដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស៕



