វាយកូនបាល់៖ កីឡាករវាយកូនបាល់វ័យក្មេងអេស្ប៉ាញ Carlos Alcaraz បានបញ្ចប់ដំណើរមិនចាញ់សោះរបស់កីឡាកររុស្ស៊ី Daniil Medvedev ១៩ប្រកួតជាប់គ្នាក្នុងឆ្នាំ២០២៣ នេះ ដើម្បីគ្រងជើងឯកក្របខណ្ឌ Masters 1000 កម្មវិធី Indian Wells នៅសហរដ្ឋអាមេរិក។

Carlos Alcaraz លេងមិនចាញ់សូម្បីមួយសិតនៅ Indian Wells ឆ្នាំនេះ ខណៈវគ្គផ្តាច់ព្រ័ត្រទៀតសោតបានយកឈ្នះដោយលទ្ធផល ២សិតផ្ទួនៗ ៦-៣ និង ៦-២។ ជ័យជំនះនេះបានធ្វើឱ្យ Carlos Alcaraz បន្តក្តីសង្ឃឹមឈ្នះជើងឯកមួយទៀតនៅទីក្រុង Miami ដែលចាប់ផ្តើមចុងសប្តាហ៍នេះ ហើយរូបគេនឹងត្រលប់ឡើងមកឈរលេខ ១ ពិភពលោកវិញនៅថ្ងៃចន្ទនេះ ទំលាក់កីឡាករស៊ែប Novak Djokovic ទៅលេខ ២ វិញ។
ចំណែកការប្រកួតផ្នែកនារីវិញ កីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina បានយកឈ្នះកីឡាការិនីបេឡារុស Aryna Sabalenka ដោយលទ្ធផល ៧-៦(១៣-១១) និង ៦-៤ ដើម្បីគ្រងជើងឯកនៅក្នុងក្របខណ្ឌ Masters 1000 លើកដំបូងក្នុងអាជីព។ នេះជាការសងសឹកបានសំរេចផងដែរសំរាប់ជើងឯក Wimbledon, Rybakina ដែលទើបតែចាញ់កីឡាការិនី Aryna Sabalenka នៅវគ្គផ្តាច់ព្រ័ត្រ Grand Slam, Australian Open កាលពីចុងខែមករាកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ