ប៉ោយប៉ែត ៖ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ គិតត្រឹមពាក់កណ្តាលខែមីនានេះ ខណៈផ្លូវជាតិលេខ៥ ប្រវែង ៣៦៦គីឡូម៉ែត្រ ពីព្រែកក្តាម-ធ្លាម្អម សម្រេចបាន៩៨% ពីធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត សម្រេចបាន៦៩% និងពីបាត់ដំបង-សិរីសោភ័ណ សម្រេចបាន១០០%។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនាឱកាសដឹកនាំប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត និងគម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២ លានដុល្លារអាមេរិក។ ដោយសារមានបញ្ហាការរាតត្បាតនៃជម្ងឺកូវីត-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឱ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ។ បើតាមការពន្យាពេលសាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយគិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសាងសង់សម្រេចបាន ៨២,៣០%។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្នត្រង់ចំណុចនេះ។
ជាមួយនឹងការតភ្ជាប់ពីច្រកទ្វារព្រំដែននេះ មកកាន់តំបន់ផ្សេងៗ និងរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥ បានដើរតួនាទីដ៏សំខាន់ ក្នុងនោះកំណាត់ផ្លូវពីព្រែកក្តាម ទៅដល់សិរីសោភ័ណ ប្រវែង ៣៣១គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣ លើកលែងតែកំណាត់ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ដែលមានប្រវែង ៣៥គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

