ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មានសហគមន៍ដាំដំណាំស្រូវជាច្រើនរយកន្លែង នៅទូទាំងប្រទេស នឹងចូលរួមផលិតពូជស្រូវ ឲ្យស្របតាមលក្ខណៈស្ដង់ដារ និងផ្ដល់ទិន្នផលច្រើន ដើម្បីធ្វើការចែកចាយទៅកសិករដទៃ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តម យ៉ង សាំងកុមារ មានប្រសាសន៍ថា ការផលិតស្រូវរបស់កសិករ គឺចែកចេញជា ២ក្រុម ក្នុងនោះទី១. ផលិតសម្រាប់បរិភោគ និងទី២. ផលិតសម្រាប់លក់ ។ ការផលិតលក់ជារឿងសំខាន់ ក្នុងនោះមានតម្លៃទីផ្សារ និងទិន្នផល ប៉ុន្តែការផលិតនេះមានបញ្ហា គឺដោយសារកសិករភាគច្រើនទុកពូជដោយខ្លួនឯង និងការប្រមូលផលនាពេលបច្ចុប្បន្ន ប្រើប្រាស់ម៉ាស៊ីនច្រូត ឬការដូរពូជស្រូវជាញឹកញាប់ ធ្វើឲ្យឆ្លងពូជ ដែលជាហេតុធ្វើឲ្យបានប៉ះពាល់ដល់វិស័យ ស្រូវ-អង្ករ ។
ឯកឧត្តមបន្តថា បញ្ហានេះហើយ ទើបក្រសួងណែនាំដល់កសិករ ប្រើប្រាស់ពូជផលិតនៅតាមសហគមន៍ ក៏ដូចជាការគាំទ្រដល់អ្នកផលិត ដែលបច្ចុប្បន្នមានសហគមន៍ផលិតពូជស្រូវប្រមាណ ៦០កន្លែង រៀបចំដោយក្រសួងកសិកម្មកំពុងដំណើរការ និងគ្រោងរៀបចំបន្ថែមទៀតនៅមុនការបង្កបង្កើនស្រូវ នៅឆ្នាំនេះមកដល់ ខណៈមានសហគមន៍រាប់រយកន្លែង នៅទូទាំងប្រទេស ក៏បានត្រៀមចូលរួមផលិតពូជស្រូវនេះផងដែរ ។
អ្នកជំនាញកសិកម្មរូបនេះ បានបន្ថែមថា ចំពោះប្រភេទអង្ករ កំពុងមានតម្រូវការខ្ពស់ក្នុងការនាំចេញទៅក្រៅប្រទេស គឺមានប្រភេទផ្ការំដួល និងសែនក្រអូប០១ ដែលជាប្រភេទអង្ករប្រណិត ហើយក្រសួងកំពុងផ្ដោតជំរុញលើការផលិតបន្តទៀត ហើយក៏មានពូជផ្សេងៗ ដែលក្រសួងកំពុងរៀបចំបន្ថែម ។
ក្នុងពិធីចែកពូជស្រូវដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ កាលពីឆ្នាំកន្លងទៅក្នុងខេត្តមួយចំនួន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ក្រសួងកសិកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំផលិតពូជស្រូវនៅតាមបណ្ដាខេត្ត ដើម្បីកុំឲ្យកម្ពុជាមានការខ្វះខាតពូជស្រូវ សម្រាប់ឲ្យកសិករធ្វើការដាំដុះ ។
ពាក់ព័ន្ធនឹងលើកស្ទួយវិស័យស្រូវ-អង្ករនេះ ក្រសួងកសិកម្ម នឹងបញ្ជូននិស្សិតជំនាញកសិកម្មជាង ២០០នាក់ ចុះទៅតាមសហគមន៍ ដើម្បីធ្វើការផ្សព្វផ្សាយណែនាំដល់កសិករ ក្នុងការផលិតពូជស្រូវឲ្យស្របតាមស្ដង់ដារ ទទួលទិន្នផលច្រើន និងកាត់បន្ថយការចំណាយលើការបង្កបង្កើនជាដើម ៕ ដោយ ៖ សុខរិទ្ធិ


