ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចដាក់ភូមិចំនួន ៤ក្នុងខណ្ឌទួលគោក ទៅជា«តំបន់ក្រហម» និង«តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចចេញនៅយប់នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចដាក់ភូមិ១៧ និងភូមិ២២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ទៅជា«តំបន់លឿងទុំ» ដែលមានន័យថា ភូមិទាំងពីរនេះ កំពុងផ្ទុះការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ក្នុងកម្រិតមធ្យម។
លោក ឃួង ស្រេង ក៏បានសម្រេចដាក់ភូមិ២៣ ស្ថិតនៅសង្កាត់បឹងកក់ទី២ និងភូមិ១០ នៅក្នុងសង្កាត់បឹងសាឡាង ទៅជា«តំបន់ក្រហម» ដែលមានន័យថា ភូមិទាំងពីរនេះ បានផ្ទុះការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩យ៉ាងច្រើន។
កាលពីថ្ងៃអង្គារកន្លងមកនេះ សាលារាជធានីភ្នំពេញបានកំណត់ និងបែងចែកភូមិសាស្ត្ររាជធានីភ្នំពេញទៅជា«តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ដែលតំបន់លឿងមានន័យថា ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ មានកម្រិតស្រាល៕