អ៊ុយក្រែន៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុង Kyiv រំពឹងថា ប្រទេសចិននឹងប្រើឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Nikolenko បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Reuters ភ្លាមៗ បន្ទាប់ពីប្រធានាធិបតីចិនលោក Xi Jinping បានទៅដល់ទីក្រុង Moscow សម្រាប់ជំនួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin។ គេរំពឹងទុកថា លោក Xi នឹងជំរុញតួនាទីរបស់ទីក្រុងប៉េកាំង ជាអ្នកសម្របសម្រួលសន្តិភាពដ៏សំខាន់ក្នុងជម្លោះ ក្រោយការបញ្ចេញផែនការសន្តិភាព ១២ចំណុច។ ទីក្រុង Kyiv និយាយថា សកម្មភាពឈានទៅរកសន្តិភាពណាមួយ ត្រូវតែទាក់ទងនឹងការដកកងទ័ពរុស្ស៊ីទាំងស្រុង និងគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន។
អ្នកនាំពាក្យរូបនេះនិយាយថា អ៊ុយក្រែនត្រៀមខ្លួនជានិច្ចក្នុងការចូលរួមការសន្ទនាយ៉ាងជិតស្និទ្ធបំផុតជាមួយចិន ដើម្បីស្ដារសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ស្របតាមគោលការណ៍ដែលបានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងសេចក្ដីសម្រេចចុងក្រោយលើបញ្ហានេះរបស់មហាសន្និបាតអង្គការសហប្រជាជាតិ៕
អត្ថបទ៖ សុខមាន