បារាំង៖ អ្នកតវ៉ាលើកំណែទម្រង់ប្រាក់សោធននិវត្តន៍នៅក្រុងរេននេស ភាគខាងលិចប្រទេសបារាំងកាលពីថ្ងៃចន្ទបានប្រតាយប្រតប់ជាមួយនគរបាល ខណៈពួកគេបានដុតរបាំងរាំងផ្លូវដែលធ្វើឲ្យកកស្ទះចរាចរនៅលើផ្លូវជាតិ។ នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបានរុញក្រុមអ្នកតវ៉ាឲ្យដកថយចេញពីផ្លូវ និងនៅទីវាលក្បែរៗនោះ។
ប្រទេសបារាំងត្រូវគេមើលឃើញមានរលកតវ៉ាជាច្រើនក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈរដ្ឋាភិបាលរបស់ប្រធានាធិបតី អេម៉ាណូអែល ម៉ាក្រុង បានបញ្ជូនរំលងការបោះឆ្នោតនៅសភាជាតិ សម្រាប់ប្រព័ន្ធសោធននិវត្ដន៍ ដែលមិនសូវមានការគាំទ្រក្នុងការដំឡើងអាយុចូលនិវត្ដន៍ចាប់ពី ៦២ឆ្នាំដល់អាយុ ៦៤ឆ្នាំ។ ភាពរំជើបរំជួលដោយហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើន ក្នុងនោះរួមមានរដ្ឋធានីប៉ារីស ហើយក្រុមសហជីពបានប្ដេជ្ញាថានឹងបង្កើនចលនាកូដកម្ម ដែលធ្វើអោយលោក ម៉ាក្រុង ប្រឈមមុខនឹងបញ្ហាប្រឈមដ៏គ្រោះថ្នាក់ ចំពោះរដ្ឋអំណាចរបស់លោក តាំងពីមានការបះបោររបស់ក្រុម "អាវកាក់ពណ៌លឿង" កន្លងមក៕
អត្ថបទ៖ ម៉ៅ មករា