អង់គ្លេស៖ រដ្ឋអាជ្ញាជាន់ខ្ពស់នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បាននិយាយថា ដីកាចាប់ខ្លួនរបស់ស្ថាប័ននេះសម្រាប់ប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺជាពេលវេលាដ៏សោកសៅជាជាងពេលវេលានៃជ័យជម្នះ។ លោក Karim Khan អំពាវនាវដល់មេដឹកនាំពិភពលោកជួយបង្កើនការផ្ដល់មូលនិធិ សម្រាប់ការស៊ើបអង្កេតរបស់ ICC ដោយព្រមានថា ទ្វារនៃឱកាសការស្វែងរកយុត្តិធម៌នៅក្នុងប្រទេសអ៊ុយក្រែនកំពុងបិទ។
រដ្ឋអាជ្ញាអង់គ្លេសរូបនេះបានប្រើសុន្ទរកថានៅព្រឹត្តិការណ៍ប្រមូលផ្ដុំក្នុងទីក្រុងឡុងដ៍ នៃបណ្ដារដ្ឋមន្ត្រីយុត្តិធម៌មកពីប្រទេសជាង៤០ ដើម្បីបង្កើនការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមចៅក្រម ក្នុងការកាត់ទោសលោក Putin ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក Putin និងស្នងការរបស់លោកទទួលបន្ទុកសិទ្ធិកុមារ ជុំវិញការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ទៅកាន់រុស្ស៊ី។
ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានឆ្លើយតបទៅនឹងចំណាត់ការនេះ ដោយបានប្រកាសពីការបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើលោក Khan វិញដោយនិយាយថា លោកបានចោទប្រកាន់មនុស្សម្នាក់ដែលគេដឹងថា គ្មានកំហុស និងកំពុងរៀបចំផែនការការវាយប្រហារលើតំណាងនៃរដ្ឋបរទេស ដែលទទួលបានការគាំពារជាអន្តរជាតិ៕
អត្ថបទ៖ សុខមាន