បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Marcus Rashford, ខ្សែបម្រើ Chelsea, Mason Mount និងអ្នកចាំទី Newcastle, Nick Pope សុទ្ធតែបានសម្រេចដកខ្លួនមិនចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសឡើយ សម្រាប់ការប្រកួតជម្រុះ Euro 2024 ខាងមុខនេះ។
Marcus Rashford មានរបួសបន្តិចបន្តួចអំឡុងជ័យជំនះរបស់ Manchester United លើ Fulham ៣-១ វគ្គ ៨ក្រុមចុងក្រោយ FA Cup កាលពីថ្ងៃអាទិត្យ។ ចំណែកឯអ្នកចាំទី Nick Pope ក៏បានរងរបួសផងដែរអំឡុងជ័យជំនះរបស់ Newcastle នៅទឹកដី Nottingham Forest កាលពីថ្ងៃសុក្រ។ ជាមួយគ្នានោះដែរ Mason Mount នៅមិនទាន់ជាសះស្បើយ ១០០ភាគរយនៅឡើយ។ អ្នកចាត់ការអង់គ្លេសលោក Gareth Southgate ដំបូងបានកោះហៅ Mason Mount ផងដែរក្នុងបញ្ជី ២៥នាក់ តែក្រោយមកអ្នកចាត់ការ Chelsea លោក Graham Potter បញ្ជាក់ថា កីឡាករវ័យ ២៤ឆ្នាំរូបនេះមិនអាចចូលរួមបានឡើយដោយសារបញ្ហារបួសដែលអវត្តមានតាំងពីខែកុម្ភៈ។
រីឯ Marcus Rashford កំពុងមានទំរង់លេងដ៏អស្ចារ្យក្នុងរដូវកាលនេះតាមរយៈការរកគ្រាប់បាល់បាន ២៧គ្រាប់ ដែលក្នុងនោះ ១៩គ្រាប់តាំងពីវិលពី World Cup។ ក្រុមរបស់លោក Gareth Southgate នឹងធ្វើដំណើរទៅទឹកដីអ៊ីតាលីនៅថ្ងៃទី២៣ ខែមីនានេះ មុនពេលទទួលភ្ញៀវអ៊ុយក្រែននៅ Wembley ថ្ងៃទី២៦៕
អត្ថបទ៖នាង សុភាវុធ