បាល់ទាត់៖ ក្លិបហូឡង់ PSV Eindhoven បានសំរេចពិន័យអ្នកគាំទ្រម្នាក់មិនឱ្យចូលកីឡដ្ឋានរបស់ខ្លួនរយៈពេល ៤០ឆ្នាំ បន្ទាប់ពីការប្រើប្រាស់អំពើហិង្សាលើអ្នកចាំទី Sevilla, Marko Dmitrovic អំឡុងការប្រកួតនៅក្របខណ្ឌ UEFA Europa League។

បុរសវ័យ ២០ឆ្នាំម្នាក់នោះក៏ត្រូវបានពិន័យមិនឱ្យជាន់ដីកីឡដ្ឋានជាតិហូឡង់ផងដែរ និងថែមទាំងជាប់ពន្ធនាគាររយៈពេល ៣ខែ។ មិនត្រឹមតែមិនឱ្យចូលកីឡដ្ឋាន PSV ទេ បុរសម្នាក់នោះក៏ត្រូវហាមឃាត់មិនឱ្យចូលតំបន់ជុំវិញកីឡដ្ឋាន PSV ផងដែររយៈពេល ២ឆ្នាំ។ រំលឹកថា បុរសវ័យ ២០ឆ្នាំម្នាក់រត់ចូលទីលានប្រកួតសំដៅទៅរកអ្នកចាំទីសញ្ជាតិស៊ែប Marko Dmitrovic អំឡុងការប្រកួត Play-Off ដើម្បីកៅអីវគ្គ ១៦ក្រុម Europa League និងបានវាយអ្នកចាំទី១ ដៃចំមុខ មុនពេលដែលអតីតអ្នកចាំទី Charlton រូបនេះចាប់បុរសម្នាក់នោះបានប្រគល់ទៅក្រុមសន្តិសុខ៕
អត្ថបទ៖នាង សុភាវុធ