ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ ឱ្យការផលិតលើផលិតផលកសិកម្ម ផ្តោតលើគុណភាព ដើម្បីប្រកួតប្រជែងលើទីផ្សារ និងរិះរកមធ្យោបាយ ធ្វើយ៉ាងណាបន្ទាបតម្លៃនៃធាតុចូលកសិកម្ម ដើម្បីធ្វើឱ្យចំណូលរបស់កសិករមានកម្រិតខ្ពស់។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា ស្របតាមគោលនយោបាយកសិកម្មសម្រាប់ពេលអនាគត យើងទាំងអស់គ្នាត្រូវខិតខំយ៉ាងណាជំរុញឲ្យមានការកើនឡើងថ្លៃកសិផល និងជួយសម្រាលបន្ទុកពាក់ព័ន្ធនឹងដើមទុនដែលរដ្ឋាភិបាលអាចជួយដាក់ថវិកាជាតិវិនិយោគវិស័យកសិកម្មឲ្យបានច្រើន។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា ត្រូវបង្កើនផលិតភាពរបស់ប្រជាកសិករ ដើម្បីឲ្យពួកគាត់កើនចំណូលដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅក្នុងក្រុមគ្រួសាររបស់គាត់។
លើសពីនេះទៀតនោះ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម បានជំរុញនិងលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ត្រូវផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុន ដោយត្រូវបម្រើសេវាសាធារណៈឲ្យល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់សាធារណៈជន សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវស្ថិរភាពថ្លៃកសិផលចំពោះទីផ្សារក្នុងស្រុក និងជំរុញការផលិតចំពោះផលិតផលណាដែលមានតម្លៃខ្ពស់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី




