ឥណ្ឌា៖ ប្រទេសឥណ្ឌាត្រូវបានរំខានម្តងទៀតក្នុងការដាច់ប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងរដ្ឋ Punjab ខណៈអាជ្ញាធរស្វែងរកជនផ្តាច់ខ្លួនសាសនា Sikh។ សារព័ត៌មាន The Washington Post បានរាយការណ៍ថា លោក Amritpal Singh តាមការចោទប្រកាន់កំពុងបង្កើតភាពចលាចលដ៏ធំដែលកំពុងរាលដាល ដោយជំរុញឱ្យអាជ្ញាធរក្នុងតំបន់បិទបណ្តាញអ៊ីនធឺណិតកាលពីចុងសប្តាហ៍ ហើយបានបន្ថែមពេលរហូតដល់ថ្ងៃចន្ទសម្រាប់រយៈពេល ២៤ម៉ោងទៀត។
អាជ្ញាធររដ្ឋ Punjab បានផ្តាច់អ៊ីនធឺណិតសម្រាប់ពលរដ្ឋចំនួន ២៧លាននាក់ដើម្បីទប់ស្កាត់ភាពចលាចល និងតាមដាននូវអ្វីដែលអាជ្ញាធរចាត់ទុកថា «ព័ត៌មានក្លែងក្លាយ»។ លោក Singh ទទួលបានភាពលេចធ្លោនៅក្នុងចលនាជនផ្តាច់ខ្លួន Khalistan ដែលបំផុសគំនិតនៃការបង្កើតរដ្ឋអធិបតេយ្យមួយនៅរដ្ឋ Punjab។ ប្រជាប្រិយភាពរបស់លោកបានកើនឡើងយ៉ាងខ្លាំងកាលពីខែកុម្ភៈ នៅពេលដែលអ្នកគាំទ្ររបស់លោកបានប្រមូលផ្តុំគ្នាសម្រុកចូលប៉ុស្តិ៍នគរបាល ជាកន្លែងដែលអ្នកគាំទ្រម្នាក់ទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។ រដ្ឋាភិបាលឥណ្ឌាបានដាក់ឲ្យនៅក្រៅច្បាប់ក្រុមផ្តាច់ខ្លួន Khalistan ដែលបច្ចុប្បន្ននេះមានអ្នកគាំទ្រច្រើននៅទូទាំងរដ្ឋ Punjab ហើយបានទាមទាររដ្ឋឯករាជ្យមួយអស់ជាច្រើនទសវត្សរ៍មកហើយ។
សារព័ត៌មាន Asian Times បានរាយការណ៍ថា យោធា និងនគរបាលត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ Punjab កាលពីថ្ងៃអាទិត្យ ហើយបានចាប់ខ្លួនមនុស្ស ១១២នាក់សម្រាប់ការតវ៉ាដោយមានដាវ និងដំបង ស្ថិតនៅតាមដងផ្លូវទាមទារសេរីភាពសម្រាប់លោក Singh។ ក្រុមអ្នកគាំទ្រដែលកំពុងតែរីករាលដាលនៅទូទាំងប្រទេសអង់គ្លេស និងកាណាដាបានសម្រុកចូលស្ថានទូតឥណ្ឌានៅទីក្រុងឡុងដ៍ ដោយបំបែកបង្អួច និងគ្រវីទង់ជាតិក្រុមផ្តាច់ខ្លួន Khalistan។ អង្គការសាសនា Sikh ពិភពលោករបស់ប្រទេសកាណាដា (WSO) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យដោយនិយាយថា ខ្លួនថ្កោលទោសប្រតិបត្តិការសន្តិសុខនៅក្នុងរដ្ឋ Punjab និងបំណងបន្តដើម្បីចាប់ និងឃាត់ខ្លួនលោក Singh៕
អត្ថបទ៖ ប៊ុនថន