ភ្នំពេញ៖ មានករណីអគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់បីខ្នង នៅក្នុងភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស សង្ស័យឆ្លងចរន្តអគិ្គសនី ខណៈម្ចាស់ផ្ទះទៅចំការបាត់។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះផ្ទះអស់បីខ្នងនេះ បានបង្កឡើងនៅវេលាម៉ោង៨ង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលមានម្ចាស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ៨៣ឆ្នាំ ដោយអគ្គិភ័យបានឆាបឆេះអស់មួយខ្នង រួចបន្ដរាលដាលដល់ផ្ទះពីរខ្នងទៀត ប៉ុន្តែ សមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។
សមត្ថកិច្ច បញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកងកម្លាំងសមត្ថកិច្ចប្រើប្រាស់ឡានអស់ ៥គ្រឿង និងទឹកអស់៨ឡាន ទើបអាចគ្រប់គ្រងបាន។
តាមប្រភពបញ្ជាក់ទៀតថា អគ្គិភ័យឆាបឆេះនេះ ម្ចាស់ផ្ទះបានទៅចំការបាត់ ស្រាប់តែដល់ម៉ោង៨នឹង៣០នាទី ថ្ងៃទី២១ ខែមីនានេះ មានការឆ្លងចរន្តអគ្គិសនី បង្កឲ្យចេញជាអណ្តាតភ្លើងឆាបឆេះនៅលើផ្ទះ ទើបអ្នកជិតផ្អើលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចស្រុកកងមាសភ្លាមៗដើម្បីជួយអន្តរាគមន៍។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ អគ្គិភ័យឆាបឆេះផ្ទះអស់បីខ្នងនេះ ក្នុងនោះមានមួយខ្នងត្រូវភ្លើងឆាបឆេះអស់គ្មានសល់ ប៉ុន្តែពុំបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ៕





