ហ្វាំងឡង់៖ ហ្វាំងឡង់នៅតែរក្សាបានតំណែងរបស់ពួកគេ ជាប្រទេសដែលមានប្រជាពលរដ្ឋមានសុភមង្គល សប្បាយរីករាយជាងគេបំផុតនៅលើពិភពលោក សម្រាប់រយៈពេល ៦ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍ World Happiness Report បានបញ្ចេញឲ្យដឹងកាលពីថ្ងៃចន្ទ។

របាយការណ៍ដែលបានចងក្រងឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក និងផ្អែកលើការស្ទង់មតិដោយវិទ្យាស្ថាន Gallup ដែលបានសាកសួរប្រជាពលរដ្ឋទូទាំងប្រទេស ពីការពេញចិត្តនឹងជីវិតរស់នៅរបស់ពួកគេ។ ជាមួយនឹងហ្វាំងឡង់ ប្រទេសដាណឺម៉ាក និងអ៊ីសឡង់ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៣ ដែលមានប្រជាពលរដ្ឋសប្បាយរីករាយជាងគេបំផុតនៅលើពិភពលោក។ ចំណែកឯអ៊ីស្រាអែលបានហក់ពីចំណាត់ថ្នាក់លេខ ៥ មកឈរនៅចំណាត់ថ្នាក់លេខ ៤ វិញ ក្នុងនោះប្រទេសហូឡង់ជាប់ចំណាត់ថ្នាក់លេខ ៥។ ប្រទេសផ្សេងទៀតដែលស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែរនោះរួមមានប្រទេសស៊ុយអែត ន័រវ៉េស ស្វីស លុចសំបួរ និងប្រទេសនូវែលសេឡង់។

ទោះបីជាយ៉ាងណាក៏ដោយអាល្លឺម៉ង់បានធ្លាក់ ២ចំណាក់ថ្នាក់កាលពីឆ្នាំមុនមកឈរនៅចំណាត់ថ្នាក់លេខ ១៦វិញ។ ដោយឡែកសហរដ្ឋអាមេរិកឈរនៅចំណាត់ថ្នាក់លេខ ១៥, ចក្រភពអង់គ្លេសឈរនៅចំណាត់ថ្នាក់លេខ ១៩ និងបារាំងឈរនៅចំណាត់ថ្នាក់លេខ ២១។ ស្របពេលនោះដែរ អាហ្វហ្គានីស្ថាន និងលីបង់នៅតែបន្តក្លាយជាប្រទេសដែលគ្មានសុភមង្គលជាងគេបំផុតនៅលើពិភពលោក៕ អត្ថបទ៖ សារ៉ាត់

