ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រី Haruko KAMEI ប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា និងលោក Mazamasa SANUI ដែលទើបទទួលបានការតែងតាំងជាប្រធានអង្គការ JICA ថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីត្រូវបានបញ្ចប់អាណត្តិដឹកនាំអង្គការ JICA ដោយជោគជ័យក្នុងរយៈពេល២ឆ្នាំ ៥ខែកន្លងមក ព្រមទាំងបានណែនាំប្រធានថ្មីរបស់អង្គការ JICA គឺលោក Mazamasa SANUI ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី Haruko KAMEI និងកោតសរសើរដល់អង្គការ JICA ដែលបានផ្តល់នូវកិច្ចសហការគាំទ្រយ៉ាងខ្លាំងក្លាដល់វិស័យសុខាភិបាល ជាពិសេសអង្គការ JICA មិនត្រឹមតែជួយគាំទ្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលប៉ុណ្ណោះទេ និងថែមទាំងបានផ្តល់នូវអ្នកជំនាញបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជាអាទិភាពនានាសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជននៅទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ លោកស្រី Haruko KAMEI បានសំដែងនូវអំណរគុណ ដល់ក្រសួងសុខាភិបាល ដែលតែងតែផ្តល់ការគាំទ្រសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការកន្លងមក។
លោកស្រី មានក្តីសោមនស្សរីករាយជាពន់ពេក ដោយឆ្នាំនេះជាខួបលើកទី៧០ នៃចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា និងជាខួបគម្រប់៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារចៃកា និងរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានសំដែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា ដែលអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេល។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានជម្រាបជូនភ្ញៀវអំពីបទពិសោធន៍នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមក ដែលជោគជ័យនេះកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណអង្គការ JICA និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជាជំនួយសហ-ប្រតិបត្តិការដល់កម្ពុជាលើផ្នែកសុខភាពមាតា និងទារក ការសាងសង់មន្ទីរពេទ្យ និងផ្តល់ជាឧបករណ៍បរិក្ខារពេទ្យជាច្រើន ក្រោមក្របខ័ណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងជំនួយឥតសំណងដល់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។
លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក៏បានឯកភាពចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការលើគម្រោងជាជំហានបន្ទាប់របស់អង្គការ JICA ក្នុងការផ្តល់ជាជំនួយលើការសាងសង់មន្ទីរពេទ្យបន្ថែម ការផ្តល់ជាឧបករណ៍សម្រាប់គ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ការពង្រឹងបន្ថែមលើការគ្រប់គ្រងជំងឺមិនឆ្លង និងការចាត់បញ្ជូនជំនាញការ ជាទីប្រឹក្សាផ្នែកសុខាភិបាលមកកម្ពុជា ព្រមទាំងគម្រោងបណ្តុះបណ្តាលមុន នឹងការផ្តល់សេវា និងសំណូមពរដល់អង្គការ JICA បន្តការគាំទ្រកិច្ចសហ-ប្រតិបត្តិការនេះជាបន្តទៀត។
លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក៏បានជូនពរដល់លោកស្រីអង្គការ JICA ទទួលបានជោគជ័យថ្មីៗ ក្នុងភារកិច្ចថ្មីថែមទៀត៕អត្ថបទ រដ្ឋា







