កំពង់ចាម៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទបញ្ចប់ដំណើរការកំណែជ្រើសរើសមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតនៅទូទាំងប្រទេស ដែលនឹងត្រូវចូលរួមបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។
បន្ទាប់ពីដំណើរការប្រឡងជ្រើសរើសមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតតាមបណ្តារាជធានី-ខេត្ត បានបញ្ចប់កាលពីម្សិលមិញនេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោតនៅទូទាំងបានឈានមកដល់ដំណើរការធ្វើកំណែលើវិញ្ញាសារបស់បេក្ខជន។ ជាក់ស្តែង គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានចាប់ដំណើរការពិនិត្យ និងកំណែរួចរាល់លើវិញ្ញាសារបស់បេក្ខជនគ្រប់រូប ដើម្បីបញ្ជូន និងផ្តល់ការសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ឈីម ចាន់ធឿន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បញ្ជាក់ថា ការធ្វើកំណែលើវិញ្ញាសារបស់បេក្ខជនត្រូវបានបិទបញ្ចប់ ហើយត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាអំពីសមត្ថភាព និងបទពិសោធន៍របស់បេក្ខជននីមួយៗ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម គូសបញ្ជាក់ទៀតថា ចំពោះមន្រ្តីលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត គ្រប់រូបត្រូវបានឆ្លងកាត់ការពង្រឹងផ្នែកធនធាន និងសមត្ថភាពច្បាស់លាស់ធ្វើយ៉ាងណាឲ្យការអនុវត្តរបស់មន្រ្តីទាំងអស់ឈរលើស្មារតីមិនលម្អៀង និងអព្យាក្រិតភាពក្នុងតួនាទីរបស់ខ្លួន។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ គ.ជ.ប រៀបចំការជ្រើសរើសមន្រ្តីជិត ១៥ម៉ឺននាក់ ដើម្បីជួយដល់ដំណើរទាំងមូលនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត ក៏ដូចជាការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសជាង ២ម៉ឺនការិយាល័យផងដែរ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីចំនួនជាង ៩លាន៧សែននាក់៕



