តាកែវ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ ក្រោមគម្រោងគាំទ្រពីសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
ក្នុងឱកាសនោះឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះរដ្ឋបាលខេត្តតាកែវ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តតាកែវ និងអង្គពិធីទាំងមូល។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកថ្ងៃប្រកាសខេត្តតាកែវអស់មីន គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់សកម្មភាពមីននៅកម្ពុជា ដែលប្រជាជនខេត្តតាកែវទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីនដែលយើងបានដឹង ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើសឡើងថា គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន គឺជាគម្រោងមួយដ៏អស្ចារ្យ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្ម ដែលបានអំពាវនាវដល់វិស័យឯកជន ចូលរួមធនធាន ដើម្បីធ្វើការបោសសម្អាតមីននៅក្នុងឃុំប៉ោយចា និងឈានទៅបោសសម្អាតនៅទូទាំងប្រទេស។ ការចូលរួមវិភាគទាននេះ មិនត្រឹមតែវិស័យឯកជនប៉ុណ្ណោះទេ វាបានបង្កើតនូវចលនាជាតិមួយ និងមានការចូលរួមយ៉ាងផុលផុសពីសប្បុរសជន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ដើម្បីឲ្យប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវភាពសុដុមរមនាស្មើៗគ្នា មិនថានៅទីក្រុង និងទីជនបទឡើយ។ ក្រោមគម្រោងនេះ ផ្ទៃដីមានមីនចំនួន ៩១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត ហើយខេត្តចំនួន ០៦ ស្រុកចំនួន ១៤ និងឃុំចំនួន ១២ ត្រូវបានប្រកាសជាខេត្ត ស្រុក ឃុំអស់មីន ក្នុងនោះរាប់បញ្ចូលទាំងខេត្តតាកែវ របស់យើង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ៣០ ឆ្នាំនេះ ការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកម្លាំងចលករមួយដ៏ចាំបាច់ នាំមកនូវកិច្ចគាំពារ ការពារសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ។ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដែលប្រែក្លាយដីរងផលប៉ះពាល់ទាំងនោះឱ្យក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ កម្ពុជា នៅមានរយៈពេលប្រមាណ ៣ឆ្នាំទៀត ដែលត្រូវបន្តការបោសសម្អាតមីន ដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយ ស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោ គឺការប្រកាសប្រាប់ពិភពលោកថា កម្ពុជានឹងមិនមានមីនចាប់ពីឆ្នាំ២០២៥ ហើយការគម្រាមដោយសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀត នឹងត្រូវបានកាត់បន្ថយដល់កំរិតអប្បរមា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តសប្បុរស របស់សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន សម្ភារៈ និងជំនួយបច្ចេកទេស ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ ដែលបានធ្វើការបោសសម្អាត ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ និងចូលរួមកាត់អត្រាគ្រោះថ្នាក់ឲ្យនៅកម្រិតអប្បបរិមា៕










