ភ្នំពេញ៖ រាជរដ្ឋាភិបាលសហព័ន្ធ អាល្លឺម៉ង់ និងអូស្រ្តាលីតាមរយៈអង្គការ GIZ បានផ្ដល់ជំនួយជាសម្ភារការិយាល័យចំនួន ៥៩មុខ ជូនដល់ ស្ថាប័នមូលនិធិជាតិជំនួយសង្គម របស់កម្ពុជា។ ការប្រគល់សម្ភារការិយាល័យនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។
ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យជំនួយសង្គមជួយដល់ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ រាជរដ្ឋាភិបាលសហព័ន្ធ អាល្លឺម៉ង់ និងអូស្រ្តាលី តាមរយៈអង្គការ GIZ បានផ្ដល់ជំនួយជាសម្ភារការិយាល័យចំនួន ៥៩មុខសរុបជាទឹកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារ ជូនដល់ ស្ថាប័នមូលនិធិជាតិជំនួយសង្គម។
ឯកឧត្តម ឈួរ សុបញ្ញា ក្នុងនាមជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ចាត់ទុកការផ្តល់ជំនួយនេះ ជាការរួមចំណែកដ៏សំខាន់ ក្នុងការធានាប្រសិទ្ធភាពការងារ របស់មូលនិធិជាតិជំនួយសង្គម។
ឯកឧត្តមបន្តថា ការផ្ដល់ជំនួយ ក៏ស្របតាមអនុស្សារណៈដែលបានព្រមព្រាងគ្នាកន្លងមក ដោយផ្តោតលើ ៣ចំណុចធំៗ ក្នុងគោលដៅកែប្រែឱ្យស្ថាប័នមូលនិធិជាតិជំនួយសង្គម ក្លាយជាស្ថាប័នឌីជីថល។
ក្នុងឱកាសផ្ដល់ជំនួយសម្ភារជូន មូលនិធិជាតិជំនួយសង្គមនេះ លោកស្រី Corinna Heineke តំណាងអង្គការ GIZ បានបង្ហាញនូវភាពមោទកភាព ដែលបានរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជួយគាំទ្រដល់ មូលនិធិជាតិជំនួយសង្គម។
លោកស្រីបន្តថា GIZ នឹងបន្តកិច្ចសហការល្អប្រសើរ ជួយដល់មូលនិធិជាតិជំនួយសង្គម ធ្វើយ៉ាងណាឱ្យទាំងមន្រ្តី ទាំងប្រព័ន្ធមានប្រសិទ្ធផល ប្រសិទ្ធភាព ឆ្លើយតបគ្នា ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ។
មូលនិធិជាតិជំនួយសង្គម ជាស្ថាប័នថ្មីមាន តួនាទីក្នុងការផ្ដល់អន្តរាគមន៍ជំនួយសង្គម និងសន្តិសុខសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ និងបើកផ្ដល់ប្រាក់សោធនជូនមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនផងដែរ ។
បច្ចុប្បន្ន មូលនិធិជាតិជំនួយសង្គម កំពុងអនុវត្តកម្មវិធីជំនួយសង្គម ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីរបបសន្តិសុខសង្គមផងដែរ៕ អត្ថបទ៖ គឹមហុក