កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានអះអាងថា ប្រជាពលរដ្ឋរបស់ខ្លួនប្រមាណ ១.៤លាននាក់បានស្ម័គ្រចិត្តចូលរួម ឬចុះឈ្មោះជាថ្មីចូលបម្រើក្នុងយោធាជាតិដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយវីដេអូ យុវជនកូរ៉េខាងជើងទូទាំងប្រទេសកំពុងចុះឈ្មោះ ឬចុះឈ្មោះថ្មីចូលបម្រើក្នុងជួរកងទ័ពប្រឆាំងនឹងចក្រពត្តិអាមេរិក ហើយប្រហែល ១.៤លាននាក់បានបង្ហាញបំណងក្នុងការចូលរួមក្នុងជួរកងទ័ពគិតត្រឹមថ្ងៃទី១៩ ខែមីនា។ ដោយឡែកកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំរបស់ខ្លួនលោក Kim Jong Un បានតាមដានសមយុទ្ធប្រដូចទៅនឹងការវាយប្រហារតប ដោយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាការព្រមានដល់សម្ព័ន្ធមិត្តទាំង២ ដែលកំពុងធ្វើសមយុទ្ធយោធារួមគ្នាយ៉ាងគគ្រឹកគ្រេង។
សមយុទ្ធរបស់កូរ៉េខាងជើងមានការចូលរួមពីមីស៊ីលរយៈចម្ងាយខ្លី ប៉ុន្តែខុសពីទម្លាប់ មីស៊ីលនេះបានហោះចេញពីស៊ីឡូក្រោមដី ដែលក្រុមអ្នកវិភាគនិយាយថានឹងជួយបង្កើនល្បឿន និងស្ថិរភាពក្នុងការសាកល្បងនាពេលអនាគតនៃមីស៊ីលបាលីស្ទីកអន្តរទ្វីប ឬ (ICBM)៕
អត្ថបទ៖ សុខមាន