អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើច្បាប់មួយ ជាច្បាប់តម្រូវឱ្យមានការចេញផ្សាយសម្ភារៈស៊ើបការណ៍សម្ងាត់ លើការជាប់ពាក់ព័ន្ធរវាងការផ្ទុះឡើងជំងឺរាតត្បាត Covid-19 និងមន្ទីរពិសោធន៍នៅទីក្រុងអ៊ូហាន។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងចាំបាច់ត្រូវឈានទៅដល់កម្រិតប្រភពដើមនៃវីរុស Covid-19 រួមទាំងការជាប់ពាក់ព័ន្ធដ៏មានសក្តានុពលទៅដល់វិទ្យាស្ថាននៅទីក្រុងអ៊ូហាន។ លោកប្រធានាធិបតីនិយាយថា លោកចែករំលែកគោលដៅរបស់សភានៃការចេញផ្សាយព័ត៌មានឱ្យបានច្រើន តាមដែលអាចធ្វើទៅបានអំពីប្រភពដើមនៃវីរុស Covid-19។ លោក Biden និយាយថា នៅឆ្នាំ២០២១ បន្ទាប់ពីបានចូលកាន់តំណែង លោកបានដឹកនាំសហគមន៍ស៊ើបអង្កេតឱ្យប្រើប្រាស់រាល់ឧបករណ៍ទាំងអស់ ដែលមានក្នុងដៃដើម្បីធ្វើការស៊ើបអង្កេត។ ការងារនោះកំពុងបន្ត ប៉ុន្តែធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន នឹងត្រូវចេញផ្សាយដោយមិនបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ច្បាប់នេះបានបង្កហានិភ័យផ្នែកនយោបាយសម្រាប់លោក Biden ដែលកំពុងចរចានូវទំនាក់ទំនងដ៏លំបាកជាមួយមេដឹកនាំចិនលោក Xi Jinping។
ទីក្រុងប៉េកាំងបានបដិសេធយ៉ាងដាច់ណាត់នូវលទ្ធភាពដែលថា មានការបែកធ្លាយក្នុងអំឡុងពេលស្រាវជ្រាវនៅមន្ទីរពិសោធន៍ទីក្រុង Wuhan អាចបង្កឲ្យមានជំងឺរាតត្បាតជាសកលនោះ។ យោងតាមការប្រមូលទិន្នន័យជាផ្លូវការបានឲ្យដឹងថា ការផ្ទុះឡើងវីរុស Covid-19 បានចាប់ផ្តើមនៅឆ្នាំ២០១៩ នៅទីក្រុងអ៊ូហាន ប្រទេសចិនភាគខាងកើត បណ្តាលឲ្យមានអ្នកស្លាប់ជិត ៧លាននាក់នៅទូទាំងពិភពលោករហូតមកដល់ពេលនេះ ដែលច្រើនជាង ១លាននាក់នៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងថាមពលសហរដ្ឋអាមេរិក ជាទីភ្នាក់ងារមួយក្នុងចំណោមទីភ្នាក់ងារអាមេរិកដែលស៊ើបអង្កេតលើមហន្តរាយនេះ បានធ្វើការសន្និដ្ឋានកម្រិតជំនឿទាបថា វីរុសនេះប្រហែលជាបានចេញមកពីមន្ទីរពិសោធន៍មួយ ដែលស្របជាមួយការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបអង្កេត FBI ប៉ុន្តែផ្ទុយពីការសន្និដ្ឋានរបស់ទីភ្នាក់ងារជាច្រើនទៀត៕
អត្ថបទ៖ ប៊ុនថន