អន្ដរជាតិ៖ ក្រុមអ្នកស្រាវជ្រាវ និយាយថា គ្រោះរាំងដ៏អាក្រក់បំផុត បានសម្លាប់មនុស្សរហូតដល់ទៅ ៤៣.០០០នាក់នៅប្រទេសសូម៉ាលី កាលពីឆ្នាំមុន ក្នុងនោះពាក់កណ្តាលនៃអ្នកស្លាប់គឺជាកុមារអាយុក្រោម ៥ឆ្នាំ។
អង្គការសហប្រជាជាតិ(UN) និយាយថា ក្រោយពេលគ្មានភ្លៀងធ្លាក់រយៈពេល ៥ឆ្នាំជាប់ៗគ្នា ពាក់កណ្តាលនៃប្រជាពលរដ្ឋ ១៧លាននាក់ របស់សូម៉ាលី ត្រូវការជំនួយបន្ទាន់បើទោះបីជាតំបន់ខ្លះចៀសផុតពីការប្រកាសគ្រោះទុរ្ភិក្សកាលពីឆ្នាំមុនក៏ដោយ។
ការស្រាវជ្រាវដឹកនាំដោយសាលាអនាម័យ និងឱសថត្រូពិកទីក្រុងឡុងដ៍ បានរកឃើញថា ពាក់កណ្តាលនៃអ្នកស្លាប់ គឺជាកុមារមានអាយុក្រោម ៥ឆ្នាំ ហើយវិបត្តិនេះ អាចបង្ហាញថា វាធ្ងន់ធ្ងរជាងគ្រោះរាំងស្ងួតចុងក្រោយរបស់សូម៉ាលី នៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ទៅទៀត។
របាយការណ៍ បង្ហាញថា អត្រាមរណៈ អាចនឹងកើនឡើងនៅឆមាសដំបូងក្នុងឆ្នាំ ២០២៣ ពោលគឺគេព្យាករណ៍ថា ចំនួនមនុស្សស្លាប់អំឡុងពេលនេះ មានចន្លោះពី ១៨.១០០នាក់ ទៅ ៣៤.២០០នាក់៕