ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ព្រមទាំងសមាជិកសមាជិកា ថ្នាក់ដឹកនាំគណបក្ស បានប្រារព្ធខួបលើកទី៤២ ឆ្នាំនៃការបង្កើតគណបក្ស ហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២ នៅព្រះដំណាក់ត្រុំ ស្ថិតក្នុងភូមិត្រុំ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
មានបន្ទូល នៅក្នុងពិធីនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លើកឡើងថា ព្រះដំណាក់ត្រុំទីនេះហើយ ជាទីកន្លែង ប្តូរ ឈ្មោះ ពីរណសិរស្សហ៊្វុនស៊ិនប៉ិច មកជាគណបក្សហ៊្វុនស៊ិនប៉ិច ហើយបានរួបរួមគ្នា ស្វែងរកសន្តិភាព ស្ថេរភាព និង ការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរនោះ។ ព្រះអង្គម្ចាស់បានមានបន្ទូលទៀតថា មានបុព្វបុរស វីវជនអ្នក ស្នេហា ជាតិ ជាច្រើននាក់ បានធ្វើការពលី បូជាជីវិត ក្នុងបុព្វហេតុជាតិ និងការពារប្រជារាស្ត្រខ្មែរ ។ ថ្ងៃនេះ យើងទាំងអស់គ្នា បាន មកទីនេះ ដើម្បីរំលឹកខួប ៤២ ឆ្នាំ នៃការបង្កើតគណបក្ស ដែលជាគណបក្សរាជានិយម មានអង្គសម្តេចឳ ព្រះបរមរតនកោដ្ឋ ជាព្រះស្ថាបនិក បន្តដឹកនាំដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្ស ។
ជាមួយនិងការប្រារព្ឋខួបលើកទី៤២ ឆ្នាំនោះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏បានប្រារព្ឋពិធីបែបសាសនា ដើម្បីឧទ្ទិសបួងសួងដល់ ព្រះរាជកុសល ផលបុណ្យ ថ្វាយនិងជូនដល់ ព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ បុព្វបុរសរបស់យើង ហើយយើងមិនបានបំភ្លេច អ្នកតស៊ូ វីវជនណាម្នាក់ឡើយផងដែរ៕




