ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ឬហៅថា អង្គការ កូពា (KOPIA KOREA Partnership for Innovation of Agriculture) នាថ្ងៃទី២០ មីនា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តនូវកិច្ចសហការបន្ថែមទៅលើសកម្មភាពកិច្ចការស្រាវជ្រាវលើវិស័យកសិកម្មនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានសម្តែងការអរគុណ និងកោតសរសើរចំពោះកិច្ចសហការនាពេលកន្លងមក ក្នុងការជួយគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសង្ឃឹមថា កិច្ចសហការនេះ នឹងបន្តទៅមុខទៀតយ៉ាងរលូន ជាពិសេសជួយដល់សិស្សនិស្សិត ក្នុងការសិក្សាស្រាវជ្រាវ និងមានកម្មវិធីហាត់ការ ដែលផ្តល់ចំណេះជំនាញ ក្នុងការធ្វើកសិកម្មឲ្យមានប្រសិទ្ធិភាព។ ឯកឧត្តមបណ្ឌិត បានបន្តថា បន្ថែមពីនេះទៀត នឹងយកចិត្តទុកដាក់ក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សាស្រាវជ្រាវលើផលិតកម្មដំណាំពោត នៅឯស្ថានីយស្រុកបន្ទាយដែក ដែលអាចឲ្យសិស្សនិស្សិត ទទួលបាននូវចំណេះពិតៗ ផ្សារភ្ជាប់នឹងការអនុវត្ត ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងគ្នា។
បើតាមលោក សុង យ៉ុងជូ (Song Young-Ju) នាយកនៃមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ បានលើកឡើងថា ការជួយគាំទ្រដល់សិស្សនិស្សិតកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៏ អោយមានលទ្ធផលល្អ។ បន្ថែមពីនេះ ការជួយគាំទ្រក្នុងការផ្តល់គម្រោងផ្សេងៗ ដូចជា គម្រោងដំណាំដំឡូងបារាំង គម្រោងដំណាំផ្សិត គម្រោងសត្វល្អិត និងការជួយផ្នែកហរិញ្ញវត្ថុជាដើម គឺក្នុងគោលបំណងសំរេចបាននូវលទ្ធផលល្អប្រសើរសម្រាប់កម្ពុជានាពេលអនាគត៕ ដោយ ៖ បូរ៉ាវី




