អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីចិនលោក Xi Jinping បានចាបផ្តើមថ្ងៃទី ២នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ទីក្រុងម៉ូស្គូ ជាមួយនឹងការជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បន្ទាប់ពីមានការជជែកគ្នារយៈពេលជាង ៤ម៉ោងជាមួយលោកប្រធានាធិបតី Vladimir Putin កាលពីរយៈពេល ១ថ្ងៃមុន។
យោងតាមការបញ្ជាក់ពីភាគីប្រទេសទាំង ២បានឲ្យដឹងថា ការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន គឺជាប្រធានបទសំខាន់សម្រាប់មេដឹកនាំទាំង២ ក្នុងនោះ លោក Putinនិយាយមុនជំនួបថា លោកត្រៀមខ្លួនរួចរាល់ក្នុងការពិភាគលើគំនិតផ្តួចផ្តើមរបស់ចិនក្នុងការបញ្ចប់សង្រ្គាម។
សារព័ត៌មាន Interfax រាយការណ៍ថា លោក Xi បានអញ្ជើញលោក Putin និងលោក Mishustinផងដែរឲ្យបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានច្រានចោលសំណើ ដែលលំអៀងទៅខាងរុស្ស៊ី ហើយអ៊ុយក្រែនក៏ដូចគ្នាដែរ។
គេរំពឹងផងដែរថា លោក Xi នឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ជាលើកដំបូង ចាប់តាំងពីការវាយលុករបស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈឆ្នាំ២០២២ ក្រោយដំណើរទស្សនកិច្ចរបស់លោកនៅរុស្ស៊ី។
ដំណើរទស្សនកិច្ចរបស់លោក Xiនេះដែរដែលជាដំណើរក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីទទួលបានអាណត្តិទី៣ ជាប្រធានាធិបតីចិន កាលពីដើមខែនេះ នឹងបង្ហាញសញ្ញាគាំទ្រលោក Putin ស្របពេលមានកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ដើម្បីធ្វើឲ្យមេដឹកនាំរូបនេះឯកា ដោយសារតែការវាយលុករបស់ខ្លួន៕