ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារថា ប្រទេសចិនតែងតែជំរុញយ៉ាងសកម្មដល់កិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន។
សន្និសីទសារព័ត៌មានបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយ ហើយបានចុះហត្ថលេខា និងចេញសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់តម្រូវការក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន តាមរយៈការសន្ទនា និងកិច្ចចរចាសន្តិភាព។ កាលពីខែមុន ប្រទេសចិនបានចេញផ្សាយឯកសារមួយមានចំណងជើងថា «ជំហររបស់ចិនលើដំណោះស្រាយនយោបាយ នៃវិបត្តិនៅអ៊ុយក្រែន» ។ លោកស៊ីនិយាយថា លោកចង់បញ្ជាក់ថា ចំពោះវិបត្តិនៅអ៊ុយក្រែន ប្រទេសចិនបានគោរពតាមគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អនុវត្តតាមគោលបំណង និងជំហរមិនលំអៀង ជំរុញយ៉ាងសកម្មកិច្ចចរចាសន្តិភាព។
លោក Xi បានមកដល់ទីក្រុងមូស្គូកាលពីរសៀលថ្ងៃច័ន្ទ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃមកកាន់ប្រទេសរុស្ស៊ី តបតាមការអញ្ជើញរបស់លោកPutin។ លោក Xi Jinping បាននិយាយកាលពីថ្ងៃអង្គារថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី ដើរហួសពីវិសាលភាពទ្វេភាគី ហើយមានសារៈសំខាន់ជាក់ស្តែងចំពោះទិដ្ឋភាពពិភពលោក។
មេដឹកនាំទាំងពីរ ក៏បានស្នើឱ្យមានការប្តេជ្ញាចិត្តចំពោះ «ការអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-ចិន និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី»។ លោក Xi និយាយថា ដើម្បីភាពរុងរឿង ការអភិវឌ្ឍន៍ និងសុភមង្គលរបស់ប្រជាជនយើង រហូតដល់មិត្តភាពរវាងប្រជាជនពីមួយជំនាន់ទៅមួយជំនាន់។
លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីងថា សំណើរបស់ចិន អាចត្រូវបានប្រើជាមូលដ្ឋាន នៃដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែប្រទេសលោកខាងលិច និងទីក្រុងគីវ មិនទាន់បានត្រៀមខ្លួននៅឡើយ។ លោកពូទីន បានចោទប្រកាន់មហាអំណាចលោកខាងលិច ពីការប្រយុទ្ធគ្នារហូតដល់អ៊ុយក្រែនចុងក្រោយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកស៊ី នៅ វិមានក្រឹមឡាំង ដែលលោកពូទីនបាននិយាយថា បង្ហាញពីការកើនឡើង នៃទំនាក់ទំនងពាណិជ្ជកម្ម ថាមពល និងនយោបាយរវាងចិន និងរុស្ស៊ី៕ អត្ថបទ៖ ប៊ុនថន
