អាមេរិក៖ វីដេអូថតដោយយានដ្រូន (Drone) ពីរដ្ឋកាលីហ្វ័រនីញ៉ាបានបង្ហាញឲ្យឃើញរថយន្តច្រើនគ្រឿងត្រូវបានជន់លិចកាលពីថ្ងៃអង្គារ ទី២១ ខែមីនា ដែលបណ្តាលមកពីអាកាសធាតុរដូវរងាដ៏អាក្រក់។

រដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង និងភាគកណ្តាល ព្រមទាំងទីប្រជុំជននៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅតែមានទឹកជំនន់ បណ្តាលមកពីព្យុះដែលបានបោកបក់មកលើឆ្នេរមួយលើកៗចាប់តាំងពីចុងខែធ្នូ ដែលត្រូវបានគេរំពឹងថានឹងរងការវាយប្រហារខ្លាំងបំផុត ដោយអាកាសធាតុត្រជាក់ថ្មីចូលវាយលុក។ ការព្រមាន និងការណែនាំអំពីខ្យល់បក់ខ្លាំង ត្រូវបានប្រកាសយ៉ាងទូលំទូលាយនៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលលាតសន្ធឹងពីព្រំដែនប្រទេសម៉ិកស៊ិកឆ្លងកាត់ទីក្រុង Los Angeles ទៅកាន់តំបន់ San Francisco Bay។ ការព្រមានអំពីព្យុះរដូវរងាបានចូលជាធរមានសម្រាប់ភ្នំខ្ពស់ៗ ដែលអាចមានការធ្លាក់ព្រិលមានកម្ពស់ច្រើនហ្វីត។
ព្យុះកាលពីថ្ងៃអង្គារត្រូវបានគេរំពឹងថា នឹងរាលដាលហួសពីរដ្ឋកាលីហ្វ័រនីញ៉ាឆ្លងកាត់ភាគនិរតី និងចូលទៅក្នុងអាងធំភាគកណ្តាល Great Basin និង Rockies នៅល្ងាចថ្ងៃអង្គារដោយនាំមកជាមួយនូវទឹកភ្លៀង ព្រិល និងខ្យល់បក់ខ្លាំង។ ព្យុះនេះបានត្រូវបានកំណត់ជាព្យុះទី១២ ដែលបានវាយប្រហារមកលើឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិកចាប់តាំងពីខែធ្នូ ជាលទ្ធផលនៃចរន្តខ្យល់ធំនៃចំហាយទឹកដ៏ក្រាស់មកពីមហាសមុទ្រ ហើយបានប្រមូលផ្តុំមកលើដីគោក ក្នុងពេលមានភ្លៀង និងព្រិលធ្លាក់ខ្លាំង។ ព្យុះនេះត្រូវបានជំរុញដោយព្យុះស៊ីក្លូនប៉ាស៊ីហ្វិក ដែលបក់បោកជុំវិញប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងដោយបង្កើតបរិមាណសំណើមច្រើន ហើយនាំមកកាន់ឆ្នេរសមុទ្រ៕
អត្ថបទ៖ ប៊ុនថន