ប៉ាគីស្ថាន៖ ការរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័របានអង្រួនយ៉ាងខ្លាំងនៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោរត់ចេញពីលំនៅឋាន និងការិយាល័យ និងបង្កការភ័យខ្លាចរហូតដល់ភូមិដាច់ស្រយាលមួយចំនួន។ មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់។
លោក Bilal Faizi អ្នកនាំពាក្យមន្ទីរផ្ដល់សេវាសង្គ្រោះបន្ទាន់របស់ប៉ាគីស្ថានបានប្រាប់សារព័ត៌មាន AP ថា មនុស្សជាង ១០០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ជ្រលងភ្នំស្វាត (Swat valley)នៃខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេសប៉ាគីស្ថានដែលមានការរញ្ជួយ។ លោកថា មនុស្សដែលបានភ័យខ្លាចទាំងនោះបានដួល ហើយពួកគេមួយចំនួនបានដួលដោយសារតែរលកនៃការរញ្ជួយ។ លោកបន្ថែមថា មិនយូរប៉ុន្មានភាគច្រើននៃពួកគេបានចេញពីមន្ទីរពេទ្យ។
លោក Faizi និងក្រុមមន្ត្រីផ្សេងទៀតបាននិយាយថា មនុស្ស ៩នាក់បានស្លាប់នៅពេលដែលដំបូលផ្ទះបានធ្លាក់ នៅក្នុងតំបន់ផ្សេងៗនៃភាគពាយ័ព្យរបស់ប៉ាគីស្ថាន។ មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួសក្នុងគ្រោះរញ្ជួយដីនេះ ដែលមានចំនុចកណ្ដាលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានញ័ររញ្ជួយដល់ព្រំដែនជាមួយប្រទេសតាជីគីស្ថានផងដែរ។ ការរញ្ជួយដីនេះបានបង្កឲ្យមានបំណាក់ដីមួយចំនួននៅតំបន់ភ្នំដែលរំខានដល់ការធ្វើចរាចរណ៍៕
អត្ថបទ៖ សុខមាន