បាល់ទាត់៖ ខ្សែប្រយុទ្ធ Paris Saint Germain, Kylian Mabppe នឹងជាប្រធានក្រុមជំរើសជាតិបារាំងជំនួសអ្នកចាំទី Hugo Lloris ដែលចូលនិវត្តន៍។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុប ៦៦លើកហើយឱ្យក្រុមជំរើសជាតិបារាំងតាំងពីឆ្នាំ២០១៧។
អ្នកចាត់ការបារាំងលោក Didier Deschamps ថា Kylian Mbappe មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់នឹងធ្វើជាប្រធានក្រុមបារាំង ខណៈដែលអនុប្រធានក្រុមគឺខ្សែប្រយុទ្ធ Atletico Madrid, Antoine Griezmann។ Kylian Mbappe ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup 2022 កាតា និងជាសមាជិកសំខាន់ដែលនាំក្រុមបារាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរព្រឹត្តិការណ៍ជាប់គ្នា។
Mbappe បានស៊ុតបញ្ចូលទីពីរគ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ ២០១៨ លើកពាននៅរុស្ស៊ី និងស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯងនៅវគ្គផ្តាច់ព្រ័ត្រ ២០២២ តែចាញ់នៅវគ្គ ១១ម៉ែត្រកាត់សេចក្តី និងជាកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ។ បារាំងនឹងត្រូវជួបហូឡង់នៅកីឡដ្ឋាន Stade de France នៅថ្ងៃសុក្រនេះវគ្គជម្រុះ Euro 2024 មុនពេលជួប សាធារណរដ្ឋអៀកឡង់នៅថ្ងៃចន្ទ៕
អត្ថបទ៖នាង សុភាវុធ