ប៉ាគីស្ថាន៖ មេដឹកនាំគណបក្ស PTI លោក Mussarat Jamshed Cheema បានប្រាប់សារព័ត៌មានរ៉យទ័រថា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានបង្ហាញខ្លួននៅមុខតុលាការជាន់ខ្ពស់ទីក្រុង Lahore កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ដើម្បីស្នើសុំការធានានៅក្រៅឃុំ នៅក្នុងសំណុំរឿងថ្មីៗជាច្រើនទល់នឹងរូបលោក។
វីដេអូដែលថតដោយសារព័ត៌មាន Reuters បានបង្ហាញរថយន្តមួយគ្រឿងដឹកលោក Khan មកដល់តុលាការដែលត្រូវបានហ៊ុមព័ទ្ធដោយសន្តិសុខ និងក្រុមអ្នកគាំទ្រ។ អតីតនាយករដ្ឋមន្ត្រីរូបនេះក៏បានបង្ហាញខ្លួននៅមុនពេលសវនាតុលាការ ក្នុងរឿងក្តីមួយដែលលោកបានប្តឹងនគរបាលចំពោះការឆ្មក់ចូលលំនៅឋានរបស់លោក ដែលលោកបាននិយាយថា បានបំពានលើដីការបស់តុលាការដែលបានផ្តល់អោយលោក នូវការធានាឲ្យនៅក្រៅឃុំកាលពីសប្តាហ៍មុន។ តុលាការបានអនុញ្ញាតឲ្យលោក Khan នៅក្រៅឃុំរហូតដល់ថ្ងៃទី២៧ ខែមីនា។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សភារបស់ប្រទេសប៉ាគីស្ថានត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅក្នុងសម័យប្រជុំរួមពិសេសមួយនៅថ្ងៃពុធ ទី២២ ខេមីនានេះ ដើម្បីពិភាក្សាអំពីការអនុវត្តសិទ្ធិអំណាចរបស់រដ្ឋ និងការជំនះប្រឆាំងរដ្ឋាភិបាលដែលបានអូសបន្លាយពេលរបស់លោក Khan។
អតីតកីឡាករគ្រីគីតលោក Khan ធ្លាប់ជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ នៅពេលដែលលោកត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងការបោះឆ្នោតសភា។ ចាប់តាំងពីពេលនោះមក លោកបាននឹងកំពុងទាមទារឲ្យមានការបោះឆ្នោតថ្មី និងបានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីដាក់សម្ពាធលើករណីរបស់លោក។ ក្រុមអ្នកគាំទ្ររបស់លោកបានប៉ះទង្គិច ជាមួយនគរបាលជាច្រើនលើកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈអាជ្ញាធរព្យាយាមបង្ខំលោកឱ្យបង្ហាញខ្លួននៅក្នុងតុលាការ ពាក់ព័ន្ធនឹងករណីផ្សេងៗប្រឆាំងនឹងរូបលោក។ នាយករដ្ឋមន្ត្រីលោក Shehbaz Sharif បានច្រានចោលការទាមទាររបស់លោក Khan សម្រាប់ការបោះឆ្នោតថ្មីដោយនិយាយថា ការបោះឆ្នោតនឹងធ្វើឡើងតាមការគ្រោងទុកនៅចុងឆ្នាំនេះ៕
អត្ថបទ៖ ប៊ុនថន