បាល់ទាត់៖ អតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Roy Hodgson ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមបាល់ទាត់ Crystal Palace រហូតដល់ចប់រដូវកាលនេះ។ អ្នកចាត់ការវ័យចំណាស់ដល់ទៅ ៧៥ឆ្នាំរូបនេះបានមកជំនួសតំណែងលោក Patrick Vieira ដែលទើបតែត្រូវបានដកតំណែង ហើយ Patrick Vieira នេះក៏ជាអ្នកជំនួសតំណែងលោក Roy Hodgson ដែរកាលពីខែកក្កដា ឆ្នាំ២០២១។
ការងារចុងក្រោយបំផុតរបស់លោក Roy Hodgson គឺដឹកនាំក្រុម Watford ពីខែមករាដល់ខែឧសភា ២០២២ ហើយបានចាកចេញក្រោយ Watford ធ្លាក់ពី English Premier League ហើយលោកធ្លាប់បាននិយាយថា លោកមិនធ្លាប់គិតថានឹងទទួលបានការងារបន្ទាប់ឡើយនៅក្របខណ្ឌកំពូល។ Crystal Palace បច្ចុប្បន្នកំពុងឈរលេខ ១២ ក្នុងតារាងនៅ Premier League មាន ២៧ពិន្ទុដាច់តំបន់គ្រោះថ្នាក់តែ ៣ពិន្ទុប៉ុណ្ណោះ។ មុនឈានដល់ការបញ្ចប់តំណែងលោក Patrick Vieira នោះ Crystal Palace មិនដែលស្គាល់ពាក្យថាឈ្នះឡើយ ១២ប្រកួតចុងក្រោយ។ ការងារដំបូងរបស់លោក Roy Hodgson ក្នុងការត្រលប់មកកាន់ Crystal Palace ថ្មីនេះគឺនៅថ្ងៃទី១ ខែមេសាទទួលភ្ញៀវ Leicester City៕
អត្ថបទ៖នាង សុភាវុធ