ចិន៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ទិន្នន័យកាលពីប៉ុន្មានថ្ងៃដំបូងនៃជំងឺរាតត្បាត COVID-19 ដែលបង្ហោះយ៉ាងខ្លីទៅក្នុងប្រព័ន្ធចងក្រងទិន្នន័យសកលដោយក្រុមអ្នកវិទ្យាសាស្ត្រចិន ផ្តល់ព័ត៌មានសំខាន់ៗអំពីប្រភពដើមនៃការផ្ទុះឡើង រួមទាំងទីផ្សារសត្វនៅទីក្រុងអ៊ូហាន (Wuhan) ប្រទេសចិនផងដែរ។

វីរុសនេះត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងអ៊ូហានកាលពីខែធ្នូ ឆ្នាំ២០១៩ ស្របពេលមានមន្ទិលជាច្រើនថា មានប្រភពចេញពីផ្សារលក់សត្វរស់ហួណានថាជាប្រភពដើម មុនពេលឆ្លងរាតត្បាតជុំវិញពិភពលោក និងសម្លាប់មនុស្សជិត ៧លាននាក់។ ក្រុមអ្នកវិទ្យាសាស្ត្របានចេញផ្សាយរបាយការណ៍មុនពេលបោះពុម្ពចេញផ្សាយ បានផ្អែកលើការបកប្រែនៃទិន្នន័យកាលពីថ្ងៃចន្ទ បន្ទាប់ពីការលេចធ្លាយនៅក្នុងសារព័ត៌មានកាលពីសប្ដាហ៍មុន និងជំនួបជាមួយអង្គការសុខភាពពិភពលោក ដែលបានជំរុញឲ្យប្រទេសចិនបញ្ចេញព័ត៌មានបន្ថែមទៀត។
ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ចិន (CDC) លែងមាននៅលើប្រព័ន្ធចងក្រងទិន្នន័យរបស់ Global Initiative on Sharing Avian Influenza Data (GISAID) ដែលអ្នកវិទ្យាសាស្ត្របានរកឃើញនោះទៅហើយ៕
អត្ថបទ៖ សុខមាន