បាល់ទាត់៖ ខ្សែការពារវ័យ ៣៩ឆ្នាំជប៉ុន Makoto Hasebe ទទួលបានកិច្ចសន្យាថ្មីមួយរដូវកាលទៀតជាមួយក្លិបអាល្លឺម៉ង់ Eintracht Frankfurt។
អតីតប្រធានក្រុមជម្រើសជាតិជប៉ុនដែលនៅជាមួយក្លិបអាល្លឺម៉ង់មួយនេះរយៈពេល ៩ឆ្នាំមកហើយនោះទទួលបានជោគជ័យប៉ុន្មានរដូវកាលចុងក្រោយនេះជាមួយ Frankfurt ដែលរួមមានឈ្នះជើងឯក Europa League ឆ្នាំមុន និង German Cup នៅឆ្នាំ២០១៨។ រដូវកាលនេះ Frankfurt ក៏មានមុខនៅក្របខណ្ឌកំពូល UEFA Champions League ផងដែរតែធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមស្នាដៃ Napoli។
Makoto Hasebe ដែលធ្លាប់ឈ្នះជើងឯក Bundesliga ម្តងជាមួយ Wolfsburg នោះបង្ហាញខ្លួនបាន ១៦ប្រកួតគ្រប់ក្របខណ្ឌរដូវកាលនេះ និងសរុបរួម ២៧៩ប្រកួត។ ជាមួយនឹងកិច្ចសន្យាថ្មីដែលនឹងអស់សុពលភាពនៅឆ្នាំ២០២៤ នោះ Makoto Hasebe ក៏មានកិច្ចសន្យាមួយទៀតដែលនឹងរក្សារូបគេនៅជាមួយ Frankfurt ដល់ឆ្នាំ២០២៧ ធ្វើជាគ្រូបង្វឹកវិញនៅពេលបញ្ចប់អាជីពកីឡាករ៕
អត្ថបទ៖នាង សុភាវុធ