អាមេរិក៖ ក្រុមរដ្ឋអាជ្ញានៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បានបញ្ចេញវីដេអូដែលបង្ហាញពីពេលវេលាចុងក្រោយរបស់អ្នកជំងឺ ដែលបានស្លាប់នៅក្នុងការឃុំខ្លួនក្នុងមន្ទីរពេទ្យវិកលចរិត។ ឃ្លីបវីដេអូបង្ហាញថា លោក Irvo Otieno ត្រូវបានផ្ដួលលើកម្រាលឥដ្ឋដោយនគរបាល និងបុគ្គលិកមន្ទីរពេទ្យកាលពីថ្ងៃទី៦មីនា ខណៈបញ្ជូនរូបគេពីពន្ធនាគារទៅមន្ទីរពេទ្យវិកលចរិត។

សមត្ថកិច្ចចំនួន ៧នាក់ និងបុគ្គលិកពេទ្យ ៣នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិត២ ក្នុងករណីស្លាប់របស់បុរសស្បែកខ្មៅរូបនេះ។ គណៈវិនិច្ឆ័យកាលពីថ្ងៃអង្គារបានបង្ហាញថា មនុស្ស ១០នាក់ត្រូវបានចោទប្រកាន់ក្នុងករណីនេះ។ រដ្ឋអាជ្ញាលោកស្រី Ann Cabell Baskervill បានបញ្ចេញរូបភាពវីដេអូនៃឧបទ្ទវហេតុនេះកាលពីថ្ងៃអង្គារ។ រូបភាពនេះត្រូវបានយកពីកាមេរ៉ាសុវត្ថិភាពនៅមន្ទីរពេទ្យ Central State Hospital ក្នុងទីក្រុង Petersburg, រដ្ឋ Virginia។ សេចក្ដីប្រកាសព័ត៌មានរបស់នគរបាលបាននិយាយថា ជនរងគ្រោះលោក Otieno ត្រូវបានចាប់ខ្លួនដំបូងកាលពីថ្ងៃទី៣ ខែមីនា ដោយសង្ស័យថាអាចជាជនលួចចូលគាស់ផ្ទះ។
រូបគេត្រូវបានដាក់ក្រោមបញ្ជាឃុំខ្លួនគ្រាអាសន្ន ដែលបានត្រូវប្រើប្រាស់នៅពេលជឿថា បុគ្គលម្នាក់អាចបង្កបញ្ហាដាក់ខ្លួនឯង ឬអ្នកដទៃដោយសារតែជំងឺផ្លូវចិត្ត។ ឃ្លីបវីដេអូគ្មានសំឡេង បង្ហាញពីបុរសស្បែកខ្មៅវ័យ ២៨ឆ្នាំលោក Otieno ដែលបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកពីប្រទេសកេនយ៉ា នៅពេលគេមានអាយុ ៤ឆ្នាំត្រូវបានអូសចូលបន្ទប់ការិយាល័យ ទាំងដៃ និងជើងត្រូវបានមន្ត្រីមួយចំនួនដាក់ខ្នោះ ហើយបុគ្គលិកពេទ្យមួយចំនួនដើរតាមពីក្រោយ៕
អត្ថបទ៖ សុខមាន