ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសសន៍ថា ការយករូបភាព ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទៅផ្សព្វផ្សាយព័ត៌មានមិនពិត គឺមិនមែនជាសិទ្ធិបញ្ចេញមតិទេ ប៉ុន្ដែជាការមួលបង្កាច់ដោយចេតនា ដោយមានចរិតបំផ្លិតបំផ្លាញ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងកិត្តិយសនាយករដ្ឋមន្រ្ដី ដែលករណីនេះ គឺមិនអាចអត់ឱនជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ បញ្ជាក់ថា ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺបានប្រព្រឹត្តិទៅបានល្អខ្លាំងណាស់ ដោយមានការហែហមដោយនាយករដ្ឋមន្រ្ដី និងអ្នកមុខអ្នកការគ្រប់ជាន់ថ្នាក់ជាច្រើនរូប។
សម្ដេចតេជោ បញ្ជាក់ថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនយុវជន២នាក់ កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីពួកគេបានយករូបភាព អង្គព្រះមហាក្សត្រ ទៅផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានចេតនាដ៏អាក្រក់ ប្រមាថព្រះសេស្ដាព្រះមហាក្សត្រ និងកិត្តិយស នាយករដ្ឋមន្រ្ដីនៃកម្ពុជា ខណៈយុវជនឈ្មោះ យឹម ស៊ីណន និងឈ្មោះ ហ៊ុន កុសល នេះជាអតីតសកម្មជនក្រុមប្រឆាំង ដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសនាពេលកន្លងមកផងដែរ។
ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទូរទស្សន៍ទាំងអស់ចាក់ឡើងវិញទាំងនូវព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តផងដែរ ដើម្បីឱ្យមហាជនបានទស្សនាឃើញច្បាស់ថែមទៀតចំពោះពិធីនេះ៕
អត្ថបទ៖ វ៉ន ដារ៉ា

