ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការមរតកវប្បធម៌ខ្មែរ នៅថ្ងៃទី២២ខែមីនានេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌ ដែលមានរយៈពេល៣ឆ្នាំ ពោលចាប់ពីឆ្នាំ២០២៣ដល់២០២៦។
ការចុះMOUនេះ ធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ។
នៅក្នុងឱកាសនោះលោកជំទាវ ប៉ែន មុនីមករា បានមានប្រសាសន៍ថា ការចុះអនុស្សារណៈ នេះ បានចូលរួមចំណែក លើកស្ទួយវប្បធម៌ខ្មែរ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។ លើសពីនេះ លោកជំទាវ បានកោតសសើរចំពោះអង្គការមរតកវប្បធម៌ខ្មែរ ដែលកន្លងទៅបានធ្វើការបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយឱ្យស្គាល់ពីតម្លៃវប្បធម៌ខ្មែរ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅបរទេសជាដើម។
ជាមួយគ្នានេះ លោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ បានលើកឡើងដែរថា ការចុះអនុស្សារណៈនេះ ធ្វើឡើងស្របតាមគោលដៅរបស់អង្គការ ដែលចង់ពង្រីកការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស និងប្រជាជពលរដ្ឋ ទៅតាមតំបន់ដែលមានសម្បត្តិ បានដឹងកាន់តែច្រើនបន្ថែមទៀតពីសម្បត្តិបេតិកភណ្ឌ។
កន្លងទៅអង្គការមរតវប្បធម៌ខ្មែរ ធ្លាប់បានរៀបចំកម្មវិធីបណ្តុះបណ្តាលការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៅតំបន់អង្គរ និងតំបន់បន្ទាយឆ្មារជាដើម៕ អត្ថបទ៖ទូច សោភ័ណ




