ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រដ្ឋសភា នៃប្រទេសនេះ មិនអាចត្រូវបានរំលាយដោយនាយករដ្ឋមន្ត្រីនោះឡើយ ដែលចំណុចនេះ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលចែងច្បាស់ថា សភាចាស់រលាយពេលណាសភាថ្មី ចូលកាន់កាប់អសនៈ ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី២២ ខែមីនា នេះ បានថ្លែងថា សភា កម្ពុជា មានលក្ខណៈ សម្បត្តិល្អប្រសើរ លើតុល្យភាពអំណាច និងការការពារនិរន្តរភាពរដ្ឋ ដោយមិនទុកឱកាសឱ្យនាយករដ្ឋមន្ត្រី រំលាយមុនអាណត្តិនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញ មាត្រា ៧៨ បានចែងថា នីតិកាលរបស់រដ្ឋ សភា មានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង ។ រដ្ឋសភា មិនអាច ត្រូវបានរំលាយមុនផុតអាណត្ដិបានឡើយ លើកលែងតែក្នុងករណី ដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរ ដង ក្នុងរយៈ១២ខែ ។ ក្នុងករណីនេះ ព្រះមហាក្សត្រ ត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់ បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា ។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក ។ ក្នុងរយៈ កាលនេះ រាជរដ្ឋាភិបាល មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ ។ ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភា អាចប្រកាសបន្តនីតិកាល របស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើររបស់ព្រះមហាក្សត្រ ។ ការប្រកាសបន្តនីតិកាល របស់រដ្ឋសភា ត្រូវសម្រចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ បន្ទាប់ពីមានការលើកឡើងពីសំណាក់ក្រុមវិភាគមួយចំនួន ដែលសម្ដេច បានហៅថាជា ល្ងង់ទូ ថាហេតុអ្វីបានសម្ដេចតេជោ មិនរំលាយរដ្ឋសភា ដោយសារព្រោះតែចង់ក្រាញអំណាច ឬយ៉ាងណា ហើយដែលការវិភាគដោយមិនយល់ពីរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា នេះបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ បានប្រកាសរំលាយសភា កាលពីថ្ងៃទី២០ ខែមីនានេះ ដើម្បីរៀបចំការបោះឆ្នោត ៕អត្ថបទ៖ យន់ វ៉ាន់
