ចិន៖ នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew នឹងប្រាប់សមាជិកសភាអំពី App ចែករំលែកវីដេអូកម្សាន្តខ្លីៗគ្រប់គ្រងដោយចិន ដែលមានអ្នកចូលប្រើប្រាស់ពលរដ្ឋអាមេរិកជាង ១៥០លាននាក់ថា មិនធ្លាប់ចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកជាមួយរដ្ឋាភិបាលចិននោះទេ ក្នុងពេលមានការកើនឡើងការព្រួយបារម្ភអំពីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
លោក Chew នឹងផ្តល់សក្ខីកម្មនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន TikTok ពុំដែលបានចែករំលែក ឬទទួលបានសំណើឱ្យចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយរដ្ឋាភិបាលចិននោះទេ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងផ្នែកសន្តិសុខជាតិសហរដ្ឋអាមេរិក។ ក្រុមហ៊ុន TikTok ក៏នឹងមិនទទួលយកសំណើបែបនេះដែរ ប្រសិនបើគេធ្លាប់មានការស្នើឡើងនោះ។ លោកបាននិយាយថា ក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance ពុំមែនជាកម្មសិទ្ធិ ឬត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬអង្គភាពរដ្ឋណាមួយឡើយ។ លោក Chew នឹងនិយាយទៅកាន់គណៈកម្មាធិការនេះថា លោកសូមបញ្ជាក់រឿងនេះឱ្យច្បាស់លាស់ថា ក្រុមហ៊ុន ByteDance ពុំមែនជាភ្នាក់ងាររបស់ប្រទេសចិន ឬប្រទេសណាមួយផ្សេងទៀតនោះទេ។
អ្នករិះគន់ក្រុមហ៊ុន TikTok បារម្ភថា ទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក អាចបញ្ជូនទៅកាន់រដ្ឋាភិបាលចិនតាមរយៈកម្មវិធីនេះ ហើយបានជំរុញឱ្យមានការអំពាវនាវកាន់តែច្រើនឡើង ដើម្បីហាមឃាត់កម្មវិធីដោយសមាជិកសភាសហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន TikTok បាននិយាយថា រដ្ឋបាលរបស់លោក Biden បានទាមទារឱ្យម្ចាស់ជាជនជាតិចិនរបស់ខ្លួនលក់ភាគហ៊ុនរបស់ពួកគេនៅក្នុងកម្មវិធីនោះ បើពុំនោះទេវាអាចប្រឈមនឹងការដាក់បម្រាមរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន TikTok បាននិយាយថា ក្រុមហ៊ុនបានចំណាយប្រាក់ជាង ១.៥ពាន់លានដុល្លារ លើអ្វីដែលក្រុមហ៊ុនហៅថា ជាកិច្ចខិតខំផ្នែកសុវត្ថិភាពទិន្នន័យយ៉ាងហ្មត់ចត់ក្រោមឈ្មោះ «Project Texas» ។ លោក Chew និយាយថា នៅពេលដែលដំណើរការនេះត្រូវបានបញ្ចប់ ទិន្នន័យរបស់សហរដ្ឋអាមេរិកដែលត្រូវបានការពារទាំងអស់ នឹងស្ថិតនៅក្រោមការការពាររបស់ច្បាប់សហរដ្ឋអាមេរិក និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសន្តិសុខដឹកនាំដោយសហរដ្ឋអាមេរិក៕
អត្ថបទ៖ ប៊ុនថន