សៀមរាប៖ ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវដង្ហែចេញពីវត្តរាជបូណ៌ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ មុនចាកចេញទៅកាន់ប្រទេសអាស៊ានទាំង១០ ដោយចាប់ផ្តើមពីប្រទេសវៀតណាមមុនគេ។
គួរបញ្ជាក់ថា ក្រោយព្រះរាជពិធីសុំព្រះអគ្គិអាទិទេពកីឡា និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ក៏ដូចជាពិធីដង្ហែភ្លើងគប់ជុំវិញវង់តូចប្រាសាទអង្គរវត្ត ព្រះអគ្គិជ័យកីឡាត្រូវបានយកទៅរក្សាទុក នៅវត្តរាជបូណ៌មួយយប់ ថ្ងៃទី២១ខែមីនា មុនដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ាននៅថ្ងៃទី២២ ខែមីនា ដែលដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បេសកជនពិសេស ដើម្បីដឹកនាំប្រតិភូ និងដង្ហែព្រះអគ្គិជ័យកីឡាតាមប្រទេសនីមួយៗ ដោយផ្ដើមពីប្រទេសវៀតណាមមុនគេ រហូតដល់ប្រទេសឡាវក្រោយគេមុនត្រឡប់ ចូលកម្ពុជាវិញនៅ ថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣ខាងមុខ។ក្រោយដង្ហែ តាមបណ្ដាប្រទេសអាស៊ាននិងត្រលប់មកកម្ពុជាវិញ ទើបបន្ដដង្ហែព្រះអគ្គិជ័យកីឡាជុំវិញបឹងទន្លេសាប ដោយផ្ដើមពីរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម ចាប់ពីថ្ងៃទី២៩ខែមេសា រហូតដល់ យប់ថ្ងៃទី០៥ខែឧសភាត្រូវដង្ហែចូលពហុកីឡដ្ឋានជាតិ មរតកតេជោ ដើម្បីប្រារព្ធពិធីបើកការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាតែម្ដង៕







