អាមេរិក៖ លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាននិយាយថា តួនាទីរបស់ចិនលើការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនពុំមែនអត់លំអៀងនោះទេ។

លោក Kirby បាននិយាយពីដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ទីក្រុងម៉ូស្គូ ហើយលោកនិយាយថា បើសិនជាចិនចង់ដើរតួលក្ខណៈស្ថាបនាលើបញ្ហាអ៊ុយក្រែន លោកគួរតែជំរុញឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅថ្ងៃនេះ។ លោក Kirby បាននិយាយផងដែរថា សហរដ្ឋអាមេរិក និងលោកប្រធានាធិបតី Joe Biden នៅតែបើកទូលាយច្រកប្រាស្រ័យទាក់ទងជាមួយចិន បើទោះបីជាមានដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់រុស្សីក៏ដោយ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងស្វែងរកកិច្ចពិភាក្សាជាមួយលោក Xi នៅពេលវេលាដ៏សមស្របណាមួយ។
គួរឲ្យដឹងថា លោក Xi និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទើបតែបានជួបគ្នា ២ថ្ងៃកាលពីថ្ងៃអង្គារ ដោយមានការផ្ដោះផ្ដងពាក្យពេចន៍មិត្តភាពយ៉ាងកក់ក្តៅរវាងចិន និងរុស្ស៊ី ហើយនឹងរួមគ្នារិះគន់លោកខាងលិច ប៉ុន្តែពុំមានសញ្ញាណាមួយនៃការរកឃើញដំណោះស្រាយការទូត ជុំវិញបញ្ហាអ៊ុយក្រែននោះឡើយ។ មេដឹកនាំទាំង២ បានចាត់ទុកគ្នាថាជាមិត្តល្អ ដោយសន្យាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានចាត់ទុកទំនាក់ទំនងនៃប្រទេសទាំង២ ថា ល្អបំផុតពុំធ្លាប់ដែលមានពីមុនមក។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម មេដឹកនាំទាំង២ បានចោទប្រកាន់លោកខាងលិច ទាំងទីក្រុងវ៉ាស៊ីនតោនថា បានធ្វើឲ្យអន្តរាយដល់ស្ថិរភាពសកលលោក ចោទអង្គការណាតូថា កំពុងលូកដៃចូលតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
អត្ថបទ៖ សារ៉ាត់